(តូក្យូ)៖ ការប្រកាសថានឹងលាលែងចេញពីតំណែងជានាយករដ្ឋមន្ត្រី ពីសំណាក់លោក ស៊ូហ្គា យ៉ូស៊ីហ៊ីដេ (Yoshihide Suga) ពិតជាបានធ្វើឲ្យប្រទេសជប៉ុន និងពិភពលោកទាំងមូល មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅថ្ងៃសុក្រ ទី០៣ ខែកញ្ញា ឆ្នាំ២០២១នេះតែម្តង។ ប៉ុន្តែវាមិនចម្លែកពេកនោះឡើយ ប្រសិនបើយើងមើលទៅលើ ស្ថានការណ៍វិវឌ្ឍក្នុងប្រទេសជប៉ុន នៅក្រោមការដឹកនាំរបស់លោក អស់រយៈពេលមួយឆ្នាំកន្លងមកនេះ។

នាយករដ្ឋមន្ត្រីជប៉ុនស្ទើរតែគ្រប់រូប គិតចាប់តាំងពីសម័យបញ្ចប់សង្គ្រាមលោកលើកទី២ គឺតែងតែឡើងមកដើម្បីទទួលបន្ទុកធ្ងន់ធ្ងរបំផុត ទៅលើការប្រឹងប្រែងអភិវឌ្ឍសេដ្ឋកិច្ចជាតិ ដើម្បីប្រកួតប្រជែងនឹងមហាអំណាចដ៏មានឥទ្ធិពលនានាក្នុងលោក។ យ៉ាងណាក៏ដោយ សម័យកាលដែលលោក ស៊ូហ្គា យ៉ូស៊ីហ៊ីដេ កាន់អំណាចនេះ គឺមិនត្រឹមតែស្ថិតក្នុងពេលដែលប្រទេសជប៉ុន កំពុងមានសន្ទុះរីកចំរើនសេដ្ឋកិច្ចយឺត និងត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាអូឡាំពិកប៉ុណ្ណោះទេ ប៉ុន្តែពិភពលោកទាំងមូលរួមទាំងជប៉ុនខ្លួនឯងផ្ទាល់ បាននិងកំពុងជួបប្រទះនូវជំងឺរាតត្បាតសកល COVID-19 ដ៏អាក្រក់ជាទីបំផុត។

សម្រាប់មូលហេតុពិតប្រាកដ និងកាលបរិច្ឆេទនៃការដាក់ពាក្យលាលែងចេញពីតំណែងជានាយករដ្ឋមន្ត្រីតែម្តងនោះ លោក Suga មិនទាន់បានបង្ហើបឲ្យដឹងនោះឡើយ ប៉ុន្តែនៅថ្ងៃសុក្រ ទី០៣ ខែកញ្ញានេះ លោកបានត្រឹមបញ្ជាក់ថា អ្វីៗគ្រប់យ៉ាងនឹងត្រូវពន្យល់ជូនសាធារណជនបានជ្រាប នៅក្នុងសន្និសីទសារព័ត៌មានមួយ ដែលនឹងប្រារព្ធឡើងនៅក្នុងសប្តាហ៍ក្រោយ។

ទោះជាបែបនេះក្តី គ្រប់គ្នាអាចមើលឃើញបញ្ហាធំចម្បងមួយ ដែលជាកត្តាជំរុញឲ្យលោក ស៊ូហ្គា យ៉ូស៊ីហ៊ីដេ មិនអាចនៅបន្តកាន់តំណែងជានាយករដ្ឋមន្ត្រីជប៉ុននេះតទៅទៀត នោះគឺជំងឺរាតត្បាតសកល COVID-19 ដែលកាន់តែរីកធំ។ លោក Suga បានបង្ហើបនៅថ្ងៃសុក្រនេះថា លោកមិនជ្រើសរើសឈរឈ្មោះ ដើម្បីប្រកួតប្រជែងយកតំណែងជាប្រធាន គណបក្សកាន់អំណាច (LDP) បាននោះឡើយ ព្រោះលោកចង់យកពេលវេលាដែលនៅសល់ ក្នុងនាមជានាយករដ្ឋមន្ត្រី ទៅដោះស្រាយបញ្ហា COVID-19 ដែលកំពុងរាតត្បាតកាន់តែអាក្រក់ ខណៈដែលខេត្ត និងក្រុងជាច្រើនទៀត ទើបតែត្រូវដាក់បញ្ចូលទៅក្នុងវិធានការរឹតត្បិត។

លោក Suga បានគូសបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានថា «ចាប់តាំងពីខ្ញុំឡើងធ្វើជានាយករដ្ឋមន្ត្រី អស់រយៈពេលមួយឆ្នាំមកនេះ ខ្ញុំបានបូជាកម្លាំងទាំងអស់របស់ខ្ញុំ ដើម្បីដោះស្រាយបញ្ហាផ្សេងៗ ដែលប្រទេសជាតិកំពុងជួបប្រទះ ហើយវិធានការប្រយុទ្ធប្រឆាំងវីរុសកូរ៉ូណា គឺស្ថិតនៅជួរមុខតែម្តង។ ខ្ញុំយល់ច្បាស់ថា ខ្ញុំមិនអាចចូលរួមប្រកួត (យកតំណែងប្រធានបក្ស LDP) ផង និងដោះស្រាយវិបត្តិ COVID-19 ផងក្នុងពេលតែមួយបាននោះឡើយ... ដូច្នេះខ្ញុំត្រូវតែជ្រើសយកមួយ»

សម្រាប់ការសម្រេចចិត្ត មិនចូលរួមការប្រកួតយកតំណែងប្រធានគណបក្ស LDP ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកញ្ញាខាងមុខនេះ កំពុងតែជាប្រធានបទក្តៅ និងគួរឲ្យភ្ញាក់ផ្អើលសម្រាប់មន្ត្រីបក្ស LDP ផ្ទាល់ ខណៈការបោះឆ្នោតសកល នឹងត្រូវធ្វើឡើងនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ឆាប់ៗខាងមុខនេះទៅហើយ។ ក្នុងនាមជាប្រធានគណបក្ស LDP គឺមានតួនាទីសំខាន់ណាស់ ដែលត្រូវដឹកនាំគណបក្សទាំងមូល ទៅដណ្តើមយកជ័យជម្នះនៅក្នុងការបោះឆ្នោតសកល។

នៅមុនការសម្រេចចិត្ត លាលែងចេញពីតំណែងជានាយករដ្ឋមន្ត្រី និងមិនចូលប្រកួតយកតំណែងប្រធានគណបក្សទៀតនោះ ការស្ទង់មតិមួយបានបង្ហាញលទ្ធផលថា ប្រជាប្រិយភាពរបស់លោក Suga បច្ចុប្បន្ននេះ បានធ្លាក់មកនៅត្រឹមជាង ៣០% ដែលនេះពិតជាទាបខ្លាំង សម្រាប់នាយករដ្ឋមន្ត្រីមួយរូប ដែលកំពុងដឹកនាំរដ្ឋាភិបាល។ អ្នកវិភាគធ្លាប់បានលើកឡើងថា គណបក្ស LDP នៅតែអាចទទួលបានជោគជ័យ ក្នុងការបោះឆ្នោតនៅចុងខែវិច្ឆិកាខាងមុខនេះ ប៉ុន្តែគណបក្សនេះនឹងបាត់បង់អសនៈខ្លះ ព្រោះតែប្រជាប្រិយភាពលោក Suga ធ្លាក់ចុះ។

យ៉ាងណាក៏ដោយ ការសម្រេចចិត្តរបស់លោក Suga ក៏បានទទួលការស្វាគមន៍ ពីសំណាក់អ្នកជំនាញនយោបាយក្នុងស្រុកផងដែរ។ លោក តូម៉ាអាគិ អ៊ីវ៉ាអ៊ិ (Tomoaki Iwai) សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយ នៅសាកលវិទ្យាល័យជប៉ុន នីហន (Nihon) បានលើកឡើងជុំវិញបញ្ហានេះថា «សម្រាប់សមាជិកនានានៃគណបក្ស LDP, វាគឺជាការធូរចិត្តមួយ ព្រោះពួកគេនឹងមិនត្រូវទៅចូលរួមការបោះឆ្នោតសកល ជាមួយនាយករដ្ឋមន្ត្រី ដែលធ្លាក់ចុះប្រជាប្រិយភាពនោះឡើយ»។

គួរបញ្ជាក់ថា ចាប់តាំងពីការទទួលយកតំណែងជានាយករដ្ឋមន្ត្រី ក្រោយលោក អាបេ ស៊ីនហ្សូ បានលាលែងចេញពីតំណែង កាលពីអំលុងខែសីហា ឆ្នាំ២០២០ ក្នុងវ័យ ៦៥ឆ្នាំ ដោយសារបញ្ហាសុខភាពនោះ លោក Suga ដែលបច្ចុប្បន្នមានវ័យ៧២ឆ្នាំ ត្រូវបានគេមើលឃើញថា មានសុខភាពល្អជាធម្មតា។ ដូច្នេះសុខភាពមិនមែនកត្តាចម្បង ដែលបានជំរុញឲ្យលោកសម្រេចចិត្តថា នឹងលាលែងចេញពីតំណែងនោះឡើយ។

ដោយឡែកសម្រាប់អ្នកដែលត្រូវបានគេមើលឃើញថា អាចមានឱកាសក្នុងការឈរឈ្មោះ យកតំណែងជាប្រធានគណបក្ស LDP ដែលនឹងត្រូវដឹកនាំបក្សនេះ ទៅយកជ័យជម្នះក្នុងការបោះឆ្នោតសកលនោះ គឺលោក ហ្វ៊ូមីអូ គីហ្ស៊ីដា (Fumio Kishida)។ អ្នកនយោបាយជើងចាស់វ័យ ៦៤ឆ្នាំ ដែលធ្លាប់កាន់តំណែងជា រដ្ឋមន្ត្រីការបរទេសរូបនេះ ត្រូវបានគេដឹងរួចមកហើយថា ជាអ្នកដែលធ្លាប់បានសន្យាថា «នឹងចំណាយច្រើន» ដើម្បីជំរុញសន្ទុះអភិវឌ្ឍសេដ្ឋកិច្ច ប្រសិនបើលោកជាប់ឆ្នោត ហើយក្រុមអ្នកវិភាគមើលឃើញថា លោកមានឱកាសច្រើនជាងគេនៅថ្ងៃមុខ។

សម្រាប់ភាពជាក់ស្តែងនៅពេលនេះ គ្រាន់តែមួយរយៈពេលខ្លីប៉ុណ្ណោះ បន្ទាប់ពីលោក Suga បានប្រកាសថា នឹងលាលែងចេញពីតំណែងនោះក្រុមវិនិយោគិនជប៉ុនទាំងឡាយ បានសម្តែងការអបអរសាទរ ហើយសន្ទស្សន៍ហ៊ុន Nikkei បានហក់ឡើង១.៧០% បន្ទាប់ពីពេលសម្រាកអាហារថ្ងៃត្រង់នៅថ្ងៃសុក្រនេះ។ អ្នកជំនាញសេដ្ឋកិច្ច និងក្រុមវិនិយោគិនកំពុងមានក្តីសង្ឃឹមថា ការផ្លាស់ប្តូរថ្នាក់ដឹកនាំជប៉ុនលើកនេះ នឹងជួយឲ្យសេដ្ឋកិច្ចមានសន្ទុះកើនឡើងវិញ។

សរុបសេចក្តីមក បញ្ហាជំពាក់មុខបង្កឡើងដោយជំងឺរាតត្បាតសកល COVID-19 គឺជាបញ្ហាស្នូលតែមួយគត់ នៃការសម្រេចចិត្តរបស់លោក Suga។ ប្រទេសជប៉ុនបច្ចុប្បន្ននេះ កំពុងតែស្ថិតនៅក្នុងរលកទី៥ នៃការរាតត្បាត COVID-19 ចំពោះមុខការចាក់វ៉ាក់សាំងបង្ការ ដែលយឺតយ៉ាវមិនស្របតាមស្ថានការណ៍ជាក់ស្តែង។ បណ្តាខេត្ត និងក្រុងភាគច្រើនរបស់ជប៉ុន ក៏កំពុងស្ថិតនៅក្នុងការការអនុវត្ត វិធានការរឹតត្បិតទប់ទល់នឹង COVID-19 ហើយតំបន់់ខ្លះបានអនុវត្តវិធានការនេះ អស់រយៈពេល ១ឆ្នាំមកហើយ ដោយគ្មានការបន្ធូរបន្ថយនោះឡើយ។

គិតត្រឹមថ្ងៃសុក្រ ទី០៣ ខែកញ្ញា ឆ្នាំ២០២១នេះ ប្រទេសជប៉ុនដែលមានប្រជាជនសរុប ១២៦លាននាក់ មានករណីឆ្លងជំងឺ COVID-19 សរុប ១,៥២៤,៦៧៩នាក់ ក្នុងនោះស្លាប់ ១៦,១៨៤នាក់ និងជាសះស្បើយវិញ ១,២៩៦,៧៤៦នាក់។ សម្រាប់ការចាក់វ៉ាក់សាំងវិញ ជប៉ុនសម្រេចបានប្រមាណ ១៣៣លានដូស ក្នុងនោះប្រជាជន ៥៩.៦លាននាក់ ឬស្មើនឹង ៤៣% នៃចំនួនប្រជាជនសរុប បានទទួលការចាក់គ្រប់ដូស៕

ប្រភព៖ Reuters (ថ្ងៃសុក្រ ទី០៣ ខែកញ្ញា ឆ្នាំ២០២១)