(សេអ៊ូល)៖ កូរ៉េខាងត្បូងកំពុងមានផែនការ ចាប់ផ្តើមផ្តល់ការចាក់វ៉ាក់សាំង COVID-19 ដូសជំរុញ នៅខែតុលា ខាងមុខ ខណៈដែលការឆ្លងនៅតែកំពុងរាលដាលខ្លាំង បូករួមជាមួយក្តីបារម្ភអំពី ការថយចុះប្រសិទ្ធភាពការពាររបស់វ៉ាក់សាំង ក្រោយច្រើនខែកន្លងផុតទៅ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៣១ ខែសីហា ឆ្នាំ២០២១។

យុទ្ធនាការចាក់ដូសជំរុញខាងលើនឹងចាប់ផ្តើមភ្លាមៗ បន្ទាប់ពីគោលដៅនៃការចាក់វ៉ាក់សាំងពេលពេញ ឬពីរដូស ជូនប្រជាជនឲ្យបាន៧០ភាគរយ ត្រូរសម្រេចបាននៅក្នុងខែតុលា ខាងមុខ។ អាជ្ញាធរកូរ៉េខាងត្បូង ក៏នឹងបង្កើនអត្រានេះឲ្យដល់៨០ភាគរយផងដែរ ជាមួយការចាក់វ៉ាក់សាំងជូនដល់ ស្រ្តីមានផ្ទៃពោះ និងក្មេងៗអាយុចន្លោះ១២-១៧ឆ្នាំ កំលុងត្រីមាសទី៤។ ជាជំហានដំបូង កូរ៉េខាងត្បូងនឹងផ្តោតការចាក់ដូសជំរុញឲ្យ ក្រុមបុគ្គល ដែលរងហានិភ័យខ្ពស់ដូចជា ជនចាស់ជរា និងបុគ្គលិកសុខាភិបាល។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃចន្ទសប្តាហ៍នេះ យ៉ាងហោច៥៦.៥ភាគរយ នៃប្រជាជនសរុបរបស់កូរ៉េខាងត្បូងទាំង ៥២លាននាក់ ទទួលបានការចាក់វ៉ាក់សាំងយ៉ាងហោច១ដូស និង២៩.៦ភាគរយ ចាក់បានគ្រប់ដូស៕