(តូក្យូ)៖ អ្នកវិទ្យាសាស្ត្រជប៉ុនមួយក្រុម បានឱ្យដឹងថាពួកគេបានរកឃើញវីរុសបំប្លែងថ្មីមួយប្រភេទ ដែលបំប្លែងខ្លួនចេញពីវីរុស COVID-19 បំប្លែងថ្មី Delta ជាលើកដំបូងនៅក្នុងប្រទេសជប៉ុន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃអង្គារ ទី៣១ ខែសីហា ឆ្នាំ២០២១។

បើតាមក្រុមអ្នកវិទ្យាសាស្ត្រជប៉ុនមកពីសាកលវិទ្យាល័យ Tokyo Medical and Dental University Hospital ការវិភាគលើហ្សែនបានបង្ហាញថាវីរុសបំប្លែងថ្មី Delta ស៊េរីថ្មីនេះមានផ្ទុកការបំប្លែងខ្លួន N501S ដែលស្រដៀងគ្នាទៅនឹងការបំប្លែងខ្លួន N501Y នៃវីរុស COVID-19 បំប្លែងថ្មី Alpha ដែលមានប្រភពដើមនៅ ចក្រភពអង់គ្លេស។ អ្នកវិទ្យាសាស្ត្រជប៉ុន បន្ថែមទៀតថា វីរុសបំប្លែងថ្មី Delta ស៊េរីថ្មី ត្រូវបានរកឃើញលើអ្នកជំងឺម្នាក់ដែលបានឆ្លងវីរុសបំប្លែងថ្មី Delta និងដែល ធ្លាប់ធ្វើដំណើរមកកាន់សាកលវិទ្យាល័យខាងលើកាលពីពាក់កណ្ដាលខែសីហា កន្លងទៅនេះ។

ប៉ុន្តែមកទល់នឹងពេលនេះ មិនទាន់មានការបញ្ជាក់ថាតើវីរុស Delta ស៊េរីថ្មីនេះមានសមត្ថភាពចម្លងជំងឺលឿនរហ័ស ឬមានភាពកាចសាហាវប៉ុនណានោះទេ ខណៈបច្ចុប្បន្នវីរុសបំប្លែងថ្មីនេះទើបតែត្រូវបានរាយការណ៍ចំនួន ៨ករណីប៉ុណ្ណោះ នៅក្រៅប្រទេសជប៉ុន៕