(អឺរ៉ុប)៖ ប្រធានអង្គការសុខភាពពិភពលោក (WHO) ប្រចាំទ្វីបអឺរ៉ុប លោក ហាន គ្លូ (Hans Kluge) កាលពីថ្ងៃចន្ទសប្តាហ៍នេះ បាននិយាយថា ការចាក់វ៉ាក់សាំងដូសជំរុញ គឺជាមធ្យោបាយប្រសើរមួយ ដើម្បីជួយបង្កើនការការពារដល់ ក្រុមបុគ្គលងាយរងហានិភ័យ ប្រឆាំងទប់ទល់ជាមួយជំងឺ COVID-19។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៣១ ខែសីហា ឆ្នាំ២០២១។

បើតាមលោក Kluge ការសិក្សាកាន់តែច្រើនឡើងបានបង្ហាញថា ការចាក់វ៉ាក់សាំងដូសជំរុញ ពិតជាអាចជួយបង្កើនការការពារប្រឆាំងនឹង COVID-19 ជាពិសេសសម្រាប់ ក្រុមអ្នកដែលងាយរងហានិភ័យ ហើយវាគឺជាមធ្យោបាយប្រសើរមួយ ដើម្បីជួយការពារអាយុជីវិតពួកគេ និងមិនមែនជាការប្លន់វ៉ាក់សាំង ពីអ្នកដែលមិនទាន់បានចាក់សូម្បីតែមួយដូសនោះឡើយ។

គួរបញ្ជាក់ថា បច្ចុប្បន្ន ប្រទេសជាបន្តបន្ទាប់នៅជុំវិញពិភពលោក បានសម្រេចចិត្តផ្តល់ការចាក់វ៉ាក់សាំងដូសជំរុញ ឬដូសទី៣ ឲ្យប្រជាជនពួកគេ ស្របពេលដែលវីរុសបំប្លែងថ្មីរបស់ COVID-19 គឺ Delta កំពុងរាតត្បាតយ៉ាងខ្លាំងក្លា។ កាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុន អ៉ីស្រាអែលទើបតែ បានពង្រីកការចាក់វ៉ាក់សាំងដូសជំរុញរបស់ខ្លួនបន្ថែមទៀត គឺឥឡូវក្មេងៗអាយុត្រឹម១២ឆ្នាំ ក៏អាចទទួលការចាក់ដូសជំរុញបានដែរ៕