(អាមេរិក)៖ ព្យុះហឺរីខិន អាយដា (Ida) បានបោកបក់យ៉ាងសន្ធប់បំផុតលើរដ្ឋ ល្វីស្យាណា (Lousiana) ភាគអាគ្នេយ៍សហរដ្ឋអាមេរិកយ៉ាងដំណំ ជាពិសេសគឺទីក្រុង ញូអូលីនស៍ (New Orleans) របស់រដ្ឋនេះ ដែលមនុស្សរហូតដល់ជាង ១លាននាក់គ្មានអគ្គិសនីប្រើប្រាស់ និងជាច្រើននាក់ទៀតត្រូវបានជម្លៀស ដោយសារតែទឹកជំនន់បានជន់លិចផ្ទះសម្បែងរបស់ពួកគេ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន BBC នាល្ងាចថ្ងៃចន្ទ ទី៣០ ខែសីហា ឆ្នាំ២០២១។

នៅពេលចាប់ផ្តើមបោកសង្គ្រប់លើរដ្ឋ Lousiana ព្យុះហឺរីខិន Ida មានលឿនរហូតដល់ទៅ ២៤០គីឡូម៉ែត្រនៅក្នុងមួយម៉ោងឯណោះ។ វាបានបង្កឲ្យមានភ្លៀងធ្លាក់ និងខ្យល់បោកបក់យ៉ាងសន្ធប់ ដែលនាំឲ្យមានគ្រោះទឹកជំនន់ និងការបាក់ដីកើតឡើង។ មនុស្សម្នាក់ត្រូវបានគេរាយការណ៍ថា បានបាត់បង់ជីវិត។

អ្នករស់នៅទីក្រុង New Orleans បានគិតទុកជាមុនរួចហើយថា ព្យុះហឺរីខិន Ida គឺជាការធ្វើតេស្តមួយចំពោះប្រព័ន្ធការពារទឹកជំនន់ ដែលត្រូវបានអភិវឌ្ឍឡើងសម្រាប់ទីក្រុងនេះ បន្ទាប់ពីព្យុះហឺរីខិន កាទ្រីណា (Katrina) ដែលបានបោកបក់រដ្ឋនេះកាលពី ១៦ឆ្នាំមុន។ កាលពីឆ្នាំ២០០៥ មនុស្សសរុប ១,៨០០នាក់បានស្លាប់ ដោយសារព្យិះហឺរីខិន Katrina ដ៏អាក្រក់បំផុត។

គួរបញ្ជាក់ថា លោកប្រធានាធិបតី ចូ បៃដិន បានព្រមានទុកជាមុនរួចទៅហើយ អំពីគ្រោះមហន្តរាយដែលនឹងបង្កឡើងដោយ Ida។ ជាក់ស្តែងនៅពេលនេះ មនុស្សម្នាក់បានបាត់បង់ជីវិត និងអ្នករស់នៅទីក្រុង New Orleans សរុបជាង ១លាននាក់គ្មានអគ្កិសនីប្រើប្រាស់។ លោកប្រធានាធីបតីអាមេរិករូបនេះ ទើបបានថ្លែងកាលពីប៉ុន្មានម៉ោងមុននេះថា អាជ្ញាធរត្រូវការពេលជាច្រើនសប្តាហ៍ទៅមុខទៀត ដើម្បីស្តារចរន្តអគ្គិសនីឲ្យប្រជាជននៅទីនេះ បានប្រើប្រាស់ឡើងវិញ។

លោក ចូ បៃដិន ក៏បានប្រកាសអំពី ការរងគ្រោះមហន្តរាយនៅក្នុងរដ្ឋ Louisiana ផងដែរ ដើម្បីឲ្យអាជ្ញាធរអាចបញ្ចេញនូវជំនួយចាំបាច់នានា ដើម្បីសង្គ្រោះប្រជាជនក្នុងគ្រាអាសន្ន ព្រមទាំងស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធ ក្រោយស្ថានការណ៍ស្ងប់ស្ងាត់។ គិតត្រឹមពេលទាបភ្លឺឈានចូលថ្ងៃចន្ទ ទី៣០ ខែសីហា (ម៉ោងនៅវ៉ាស៊ីនតោន) ព្យុះហឺរីខិន Ida បានធ្លាក់ឥទ្ធិពលមកត្រឹមព្យុះត្រូពិកហើយ ជាមួយនឹងល្បឿនបោកបក់ ១០០គីឡូម៉ែត្រក្នុងមួយម៉ោងប៉ុណ្ណោះ។

ខាងក្រោមនេះគឺជាកម្រងរូបភាព បង្ហាញអំពីការខូចខាតបង្កឡើង Ida នៅរដ្ឋ Louisiana សហរដ្ឋអាមេរិក៖