(ឡូសអាន់ជែឡែស)៖ ការិយាល័យសេវាកម្មសង្គ្រោះបន្ទាន់ របស់អភិបាលរដ្ឋកាលីហ្វ័រញ៉ា (CalOES) នៅថ្ងៃសុក្រសប្ដាហ៍នេះ (ពេលវេលានៅអាមេរិក) បានឱ្យដឹងថា ប្រជាជនប្រមាណ ៧,០០០នាក់បន្ថែមទៀតត្រូវបានជម្លៀសចេញ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដោយសារតែភ្លើងឆេះព្រៃ បាននិងកំពុងរីករាលដាលនៅទូទាំងរដ្ឋកាលីហ្វ័រញ៉ា ដែលនាំឱ្យចំនួនប្រជាជនសរុបដែលត្រូវបានជម្លៀសចេញ កើនឡើងដល់ ៤២,១០០នាក់ហើយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៉ីនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី២៨ ខែសីហា ឆ្នាំ២០២១។

ប្រជាជនជាង ៦,០០០នាក់ ត្រូវបានជម្លៀសចេញពីសង្កាត់ ខាឡាវែរ៉ាស់ (Calaveras County) កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ជាតំបន់ដែលភ្លើងឆេះព្រៃដែលមានឈ្មោះថា អ៊ែរ៉ូឡា (Airola) បានឆាបឆេះបំផ្លាញព្រៃឈើលើផ្ទៃដីទំហំប្រហែល ៧០០ហិកតា (២.៨គីឡូម៉ែត្រក្រឡា) និងបានគំរាមកំហែងដល់សហគមន៍ជាច្រើនទៀតផងដែរ ហើយរហូតមកទល់ពេលនេះ ផ្នែកជាច្រើននៃតំបន់ Calaveras County និងតំបន់ជុំវិញនោះ នៅតែគ្របដណ្ដប់ទៅដោយផ្សែងអ័ព្ទដ៏ក្រាស់ឃ្មឹក។

ទន្ទឹមនឹងនេះដែរ ប្រជាជនជាច្រើនទៀតអាចត្រូវបានជម្លៀសចេញពីតំបន់ ឃើន (Kern County) ដោយសារភ្លើងឆេះដែលមានឈ្មោះថា ហ្វ្រេញ (French) ដែលបានបង្ខំឱ្យប្រជាជនប្រហែល ៣,៦០០នាក់រត់គេចចេញពីផ្ទះរបស់ពួកគេ។ កាកបាទក្រហមអាមេរិកបានបើកជំរកបណ្តោះអាសន្នទី ៣ កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ សម្រាប់អ្នកដែលរត់គេចចេញពីភ្លើងឆេះព្រៃ French ខណៈប្រជាជននៅតំបន់ Kern County កាន់តែច្រើនត្រូវបានដាក់នៅក្រោមការព្រមានជម្លៀស។

សម្រាប់ភ្លើងឆេះព្រៃ French បានចាប់ផ្តើមឆាបឆេះកាលពីថ្ងៃទី១៨ ខែសីហាកន្លងទៅនេះ នៅខាងលិចបឹង អ៊ីសាប៊ែលឡា (Isabella) ក្នុងតំបន់ Kern County និងបានឆាបឆេះបំផ្លាញព្រៃឈើលើផ្ទៃដីទំហំ ២២,៩១៦ហិកតា (៩២.៧គីឡូម៉ែត្រក្រឡា) ហើយរហូតមកទល់ពេលនេះ អាចគ្រប់គ្រងបាន ១៩ភាគរយហើយ។

រីឯភ្លើងឆេះព្រៃដែលមានឈ្មោះថា ខាល់ដ័រ (Caldor) ដែលបានចាប់ផ្តើមឆាបឆេះនៅភាគខាងជើងរដ្ឋកាលីហ្វ័រញ៉ា កាលពីថ្ងៃទី១៤ ខែសីហាកន្លងទៅនេះ នៅតែជាអាទិភាពចម្បងនៃការពន្លត់អគ្គីភ័យនៅក្នុងប្រទេស។ វាបានឆាបឆេះបំផ្លាញព្រៃឈើលើផ្ទៃដីរហូតដល់ ១៤៣,៩៤១ហិកតា (៥៨២.៥គីឡូម៉ែត្រក្រឡា) ហើយគិតត្រឹមថ្ងៃសុក្រសប្ដាហ៍នេះ អាចគ្រប់គ្រងបានតែ ១២ភាគរយប៉ុណ្ណោះ ហើយប្រជាជនសរុបចំនួន ២៤,៥៤៨នាក់ក៏ត្រូវបានជម្លៀសចេញផងដែរ។

គួរបញ្ជាក់ថា ក្រុមអ្នកពន្លត់អគ្គីភ័យប្រហែល ៣,២០០នាក់ កំពុងប្រយុទ្ធប្រឆាំងនឹងភ្លើងឆេះព្រៃទាំងនេះ ហើយវាត្រូវបានគេប៉ាន់ប្រមាណថា នឹងអាចគ្រប់គ្រងបានទាំងស្រុងនៅថ្ងៃទី០៨ ខែកញ្ញាខាងមុខនេះ៕