(ប៉េកាំង)៖ ក្រសួងពាណិជ្ជកម្មចិនបានប្រកាសឱ្យដឹង នាពេលថ្មីៗកន្លងទៅនេះថា បច្ចុប្បន្ននេះប្រទេសចិន បានក្លាយជាប្រទេសធំទីមួយផ្នែកពាណិជ្ជកម្ម និងជាទីផ្សារប្រើប្រាស់ធំទីពីរលើទូទាំងពិភពលោក។ នៅឆ្នាំ២០២០ ទំហំទឹកប្រាក់សរុបនៃការលក់រាយសម្ភារៈប្រើប្រាស់របស់ចិន បានឡើងដល់ ៣៩.២ទ្រីលានយាន់ប្រាក់ចិន ការប្រើប្រាស់គឺជាកម្លាំងចលករទីមួយ នៃកំណើនសេដ្ឋកិច្ចរបស់ចិនជាច្រើនឆ្នាំជាប់ៗគ្នា។

យោងតាមសេចក្តីប្រកាសនេះ យើងមិនពិបាកមើលឃើញទេថា ទីផ្សារប្រទេសចិនដែលមានចំនួនប្រជាជនរហូតដល់ទៅ ១,៤០០លាននាក់ គឺមានសក្តានុពលនៃការប្រើប្រាស់ដ៏ធំធេង ដែលទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង ពីបណ្តាពាណិជ្ជករនិងវិនិយោគិន នៃប្រទេសនានាលើពិភពលោក ដែលបានក្លាយជាគោលដៅវិនិយោគ និងពាណិជ្ជកម្មដ៏ធំបំផុតមួយ។

ក្រោមគោលនយោបាយកំណែទម្រង់ និងបើកទូលាយ ទីផ្សារប្រទេសចិនបានបើកទ្វារកាន់តែធំឡើងៗ ចំពោះប្រទេសជាមិត្តទាំងអស់ និងធ្វើពាណិជ្ជកម្មដោយឈរលើភាពសេរី ស្មោះត្រង់ យុត្តិធម៌ សមភាពនិងឈ្នះ-ឈ្នះ។ អាស្រ័យហេតុនេះយើងឃើញថា ស្ទើរតែប្រទេសទាំងអស់លើពិភពលោក សុទ្ធតែមានទំនាក់ទំនងពាណិជ្ជកម្មល្អជាមួយប្រទេសចិន និងទទួលបានផលប្រយោជន៍ទៅវិញទៅមក មិនថាតិចឬច្រើននោះទេ។

ឯកឧត្តម ស៊ី ជីនភីង ថ្នាក់ដឹកនាំកំពូលរបស់ប្រទេសចិន បានគូសរំលេចជាច្រើនលើកនៅក្នុងព្រឹត្តិការណ៍អន្តរជាតិធំៗ ស្តីពីការគាំពារពហុភាគីនិយម ក៏ដូចជាលើកឡើងថាទ្វារបើកទូលាយរបស់ប្រទេសចិន នឹងមិនបិទជាដាច់ខាត ផ្ទុយទៅវិញគឺបើកកាន់តែធំទូលាយឡើងជាលំដាប់។
ជាក់ស្តែងយើងឃើញថាទំហំពាណិជ្ជកម្មរវាងប្រទេសចិន ជាមួយអង្គភាពសេដ្ឋកិច្ចធំៗក៏ដូចជាប្រទេសនានា មានការកើនឡើងជារៀងរាល់ឆ្នាំ ដែលនាំមកនូវអត្ថប្រយោជន៍យ៉ាងច្រើន ជូនដល់ប្រជាជនទូទាំងពិភពលោក។ ពិសេសចាប់តាំងពីការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌពិភពលោកមក ប្រទេសចិនបានគូសបញ្ជាក់ម្តងហើយម្តងទៀត អំពីសារៈសំខាន់នៃពហុភាគីនិយម ព្រមទាំងបាននាំមុខក្នុងការអនុវត្តជាក់ស្តែង នូវគោលនយោបាយពហុភាគីនិយម ដោយធ្វើកិច្ចសហប្រតិបត្តិការ ទាំងផ្នែកប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង និងផ្នែកពាណិជ្ជកម្មអន្តរជាតិ។

ដូចអ្វីដែលយើងបានឃើញស្រាប់ហើយថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាច្រើន ត្រូវបានចុះហត្ថលេខាដោយប្រទេសចិន ជាមួយប្រទេសនិងតំបន់ជាដៃគូ ពិសេសគឺកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលជាតំបន់ពាណិជ្ជកម្មសេរីធំបំផុតលើពិភពលោក ត្រូវបានរំពឹងទុកថា នឹងហុចផលប្រយោជន៍សេដ្ឋកិច្ចដ៏ធំសម្បើម ក៏ដូចជាជំរុញភាពជាដៃគូនៃប្រទេសហត្ថលេខីឱ្យកាន់តែស៊ីជម្រៅ សំដៅនាំមកនូវផលប្រយោជន៍ និងសុភមង្គលជូនប្រជាជនក្នុងតំបន់ ក៏ដូចជាពិភពលោកទាំងមូល។

កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេស ដែលបានទទួលផលច្រើនពីគោលនយោបាយពហុភាគីនិយម ពោលគឺគោលនយោបាយសហប្រតិបត្តិការឈ្នះ-ឈ្នះ របស់ប្រទេសចិន ។ មិនថាជំនួយផ្នែកសេដ្ឋកិច្ចឬវេជ្ជសាស្ត្រ ឬមួយក៏ការបណ្តាក់ទុនរបស់ចិន ចំពោះកម្ពុជានោះទេ សុទ្ធសឹងតែបានផ្តល់នូវផលប្រយោជន៍ជាក់ស្តែង ជូនប្រជាជនកម្ពុជា ជាពិសេសខណៈពេលស្ថិតក្នុងបរិបទជំងឺកូវីដ-១៩បែបនេះ ប្រទេសទាំងពីរបានពួតដៃគ្នាកាន់តែស្អិតល្មួត ទាំងក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង និងការពង្រឹងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម។

ដូចប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាធ្លាប់បានសង្កត់ធ្ងន់ថា «ប្រទេសចិនបានដើរតួនាទីយ៉ាងសំខាន់ ក្នុងសកម្មភាពសេដ្ឋកិច្ចពាណិជ្ជកម្ម និងនយោបាយរបស់សកលលោកនាពេលបច្ចុប្បន្ន ហើយជំនួយរបស់ប្រទេសចិនមិនត្រឹមតែជួយដល់ការអភិវឌ្ឍ និងធ្វើឱ្យកម្ពុជាងើបចេញពីភាពក្រីក្រប៉ុណ្ណោះទេ តែក៏បានជួយពង្រឹងដល់ឯករាជ្យភាពរបស់កម្ពុជាផងដែរ»

អ្វីដែលគួរជាទីរំពឹងទុកថែមទៀតរបស់ប្រជាជនកម្ពុជា និងចិន ក៏ដូចជាពាណិជ្ជករ និងវិនិយោគិននៃប្រទេសទាំងពីរគឺការចុះហត្ថលេខាលើ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន នាពេលខាងមុខ ដែលនឹងជួយចូលរួមចំណែកយ៉ាងធំធេងដល់ការស្តារ និងអភិវឌ្ឍសេដ្ឋកិច្ចទ្វេភាគីក៏ដូចជាស្តារនូវជីវភាពរបស់ប្រជាជន ក្នុងប្រក្រតីភាពថ្មីក្រោយបញ្ចប់ជំងឺកូវីដ-១៩ផងដែរ ដើម្បីនាំមកនូវអត្ថប្រយោជន៍កាន់តែច្រើនដល់វិនិយោគិន និងប្រជាពលរដ្ឋនៃប្រទេសទាំងពីរ៕

(អត្ថបទដោយ៖ តាំង ស៊ីឡេង ជាបុគ្គលិកនៃវិទ្យុមិត្តភាពកម្ពុជា-ចិន)