(គុយវ៉ែត)៖ លោកស្រី Alina L. Romanowski ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសគុយវ៉ែតបាននិយាយថា ជើងហោះហើរដំបូងរបស់ប្រជាជនអាហ្វហ្គានីស្ថានដែលត្រូវបានជម្លៀសចេញពីប្រទេសអាហ្វហ្គានីស្ថាន បានមកមដល់ប្រទេសគូវ៉ែតហើយនៅថ្ងៃអង្គារនេះ សម្រាប់ការធ្វើដំណើរបន្តទៅកាន់សហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានស៊ីហួរ នៅយប់ថ្ងៃអង្គារ ទី២៤ ខែសីហា ឆ្នាំ២០២១។

ឯកអគ្គរដ្ឋទូតអាមេរិកបានប្រកាសនៅលើបណ្តាញសង្គម Twitter ថា ជើងហោះហើរដំបូង នៃជនភៀសខ្លួនអាហ្វហ្គានីស្ថានបានការមកដល់មូលដ្ឋានយោធាមួយនៅគុយវ៉ែតប្រកបដោយសុវត្ថិភាព ដោយបន្ថែមថា ការមកដល់នេះត្រូវបានស្វាគមន៍ដោយមន្ត្រីយោធា និងការទូតអាមេរិកនិងគុយវ៉ែត។

ទោះជាយ៉ាងណា លោកស្រីឯកអគ្គរដ្ឋទូតអាមេរិករូបនេះមិនបានគូសបញ្ជាក់ថា តើជនជាតិអាហ្វហ្គានីស្ថាននឹងបន្តស្នាក់នៅក្នុងប្រទេសគុយវ៉ែតរយៈពេលប៉ុន្មានថ្ងៃ មុនបន្តដំណើរទៅកាន់សហរដ្ឋអាមេរិក ឬទិសដៅផ្សេងទៀតនោះទេ៕