(វ៉ាស៊ីនតោន)៖ មន្រ្តីអាមេរិកម្នាក់ដែលស្និតនឹងបញ្ហាបានប្រាប់កាសែត Wasington Post ថា នាយក CIA លោក William Burns បានជួបជាមួយមេដឹកនាំក្រុមតាលីបង់លោក Abdul Ghani Baradar ដោយស្ងាត់ៗកាលពីថ្ងៃចន្ទសប្តាហ៍នេះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន The Hill នៅយប់ថ្ងៃអង្គារ ទី២៤ ខែសីហា ឆ្នាំ២០២១។

កាសែត Wasington Post បានរាយការណ៍ថា ការពិភាក្សាទំនងមានជាបពាក់ព័ន្ធនឹងថ្ងៃផុតកំណត់ នៃថ្ងៃទី៣១ ខែសីហាសម្រាប់សហរដ្ឋអាមេរិកក្នុងការបញ្ចប់ការជម្លៀសពលរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអាហ្វហ្គានីស្ថាន។

ទោះជាយ៉ាងណា CIA បានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីកិច្ចប្រជុំនេះ ឲ្យកាសែតដឹងនោះទេ។

ព័ត៌មាននេះកើតឡើងចំពេលដែលសេតវិមានព្យាយាមជម្លៀសប្រជាជនចេញពីអាកាសយានដ្ឋានអន្តរជាតិកាប៊ុល ឲ្យបានមុនកាលកំណត់ដែលជិតមកដល់។

លេខាធិការរងសេតវិមានលោក Chris Meager បាននិយាយឲ្យដឹងនៅព្រឹកថ្ងៃអង្គារនេះថា មនុស្សចំនួន ២១,៦០០នាក់ ត្រូវបានជម្លៀសចេញក្នុងរយៈពេល២៤ ម៉ោងចុងក្រោយ ដែលនាំឱ្យចំនួនសរុបចាប់តាំងពីថ្ងៃទី១៤ ខែសីហាមក កើនដល់ ៥៨,៧០០ នាក់៕