(តែល អាវីវ)៖ យន្ដហោះចម្បាំងអ៉ីស្រាអែលនៅថ្ងៃអង្គារនេះ បានបើកការវាយប្រហារតាមផ្លូវអាកាស លើទីតាំងជាច្រើនកន្លែងរបស់ក្រុមហាម៉ាស់ ក្នុងតំបន់ហ្គាហ្សាស្ទ្រីព (Gaza) ជាការសងសឹកទៅនឹងការបង្ហោះ «ប៉ោងប៉ោងភ្ជាប់គ្រឿងផ្ទុះ» ចូលមកក្នុងទឹកដីអ៉ីស្រាអែល។ នេះបើតាមប្រភពពីយោធាអ៉ីស្រាអែល ដកស្រង់ និងចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅល្ងាចថ្ងៃអង្គារ ទី២៤ ខែសីហា ឆ្នាំ២០២១។

ប៉ុន្តែភ្លាមៗ មិនទាន់មានសេចក្ដីរាយការណ៍ពីជនរងគ្រោះ ឬការខូចខាតនៅឡើយទេ ខណៈយោធាអ៉ីស្រាអែលអះអាងថា ការវាយប្រហារតាមផ្លូវអាកាសរបស់ខ្លួន មានគោលដៅលើរោងចក្រផលិតអាវុធមួយកន្លែង និងទីតាំងបាញ់គ្រាប់រ៉ុក្កែតមួយកន្លែងទៀត របស់ក្រុមហាម៉ាស់ក្នុងតំបន់ហ្កាហ្សា។

គួរបញ្ជាក់ថា ចាប់តាំងពីមានបទឈប់បាញ់កាលពីឧសភាកន្លងទៅមក ក្រុមហាម៉ាស់ក្នុងតំបន់ហ្កាហ្សាត្រូវបានគេរាយការណ៍ថា បានបង្ហោះប៉ោងប៉ោងភ្ជាប់គ្រឿងផ្ទុះជាបន្តបន្ទាប់ ចូលទៅក្នុងទឹកដីអ៉ីស្រាអែល ដោយបង្កឱ្យមានអគ្គិភ័យ ហើយជារឿយៗអ៉ីស្រាអែល តែងតែបើកការវាយប្រហារតាមផ្លូវអាកាស ជាការសងសឹក៕