(ស៉ីដនី)៖ ទីប្រឹក្សាប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងរាតត្បាត នៃរដ្ឋាភិបាលអូស្រ្តាលីបាននិយាយថា ប្រទេសអូស្រ្តាលីអាចបើកដំណើរការឡើងវិញ នៅពេលដែលសម្រេចបានអត្រាអ្នកចាក់វ៉ាក់សាំងចាប់ពី ៧០-៨០% បើទោះបីជារដ្ឋខ្លះបានប្រកាសថា ពួកគេអាចនឹងមិនបន្ធូរបន្ថយ វិធានការរឹតត្បិតព្រំដែនឡើយ ប្រសិនបើទីក្រុងស៊ីដនី (Sydney) បរាជ័យក្នុងការគ្រប់គ្រងវីរុស COVID-19 បំប្លែងខ្លួន Delta នោះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Reuters នៅព្រឹកថ្ងៃអង្គារ ទី២៤ ខែសីហា ឆ្នាំ២០២១។

វិទ្យាស្ថាន ដូហឺធី (Doherty) ដែលមានមូលដ្ឋាននៅទីក្រុងមែលប៊ន (Melbourne) បានគូសបញ្ជាក់ថា ការផ្តោតដ៏សំខាន់បំផុតរបស់ប្រទេសអូស្ត្រាលី គឺត្រូវតែផ្លាស់ប្តូរទៅចំនួននៃករណីស្លាប់ និងការចូលសម្រាកនៅមន្ទីរពេទ្យ ដោយប្តូរពីយុទ្ធសាស្ត្រ «សូន្យករណី» នាពេលបច្ចុប្បន្ននេះរបស់ខ្លួន ទៅយុទ្ធសាស្រ្តមួយផ្សេងទៀត នៅពេលដែលយ៉ាងហោចណាស់ប្រហែល ៧០ភាគរយនៃប្រជាជនដែលមានអាយុលើសពី ១៦ឆ្នាំបានទទួលការចាក់វ៉ាក់សាំងពេញលេញ (ចំនួន ០២ដូស)។

សេចក្ដីថ្លែងការណ៍ដដែលនោះ បានបន្ថែមថា «ការចាក់វ៉ាក់សាំងកម្រិតនេះ នឹងធ្វើឱ្យមានការងាយស្រួល ក្នុងការសម្របខ្លួនរស់នៅជាមួយវីរុស ដូចដែលយើងបានធ្វើជាមួយវីរុសដទៃទៀត ដូចជាគ្រុនផ្តាសាយជាដើម។ នៅពេលដែលយើងឈានដល់កម្រិតចាក់វ៉ាក់សាំងចាប់ពី ៧០ភាគរយហើយនោះ ការបើកដំណើរការឡើងវិញជាមួយករណីឆ្លងរាប់សិប ឬរាប់រយករណីនៅទូទាំងប្រទេសក្នុងមួយថ្ងៃ គឺអាចធ្វើទៅបាន»

គួរបញ្ជាក់ថា នាពេលបច្ចុប្បន្ននេះ ប្រហែល ៣០ភាគរយប៉ុណ្ណោះ នៃប្រជាជនពេញវ័យសរុបរបស់ប្រទេសអូស្រ្តាលី បានទទួលការចាក់វ៉ាក់សាំងបង្ការ COVID-19 ពេញលេញ (ចំនួន ០២ដូស) ខណៈប្រហែល ៥៣ភាគរយទៀត បានទទួលការចាក់វ៉ាក់សាំងយ៉ាងហោចណាស់ ០១ដូស។ បើតាមគេហទំព័រ Worldometers រហូតមកទល់ពេលនេះ ប្រទេសអូស្រ្តាលីបានកត់ត្រានូវករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេស ៤៤,៩២០ករណី ក្នុងនោះមានអ្នកស្លាប់ ៩៨៤នាក់ និងអ្នកជាសះស្បើយ ៣១,៥៩៣នាក់៕