(វ៉ាស៊ីនតោន)៖ អ្នកនាំពាក្យរបស់មន្ទីរប៉ង់តាហ្គោនអាមេរិកបានប្រកាសកាលពីថ្ងៃចន្ទនេះថា យោធាអាមេរិកទាំងអស់ នឹងត្រូវមានកាតព្វកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ជាចំបាច់ចាប់ពីពេលនេះតទៅ បន្ទាប់ពីរដ្ឋបាលចំណីអាហារនិងឱសថ (FDA)បានអនុម័តពេញលេញដល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ Pfizer។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន The Hill នៅយប់ថ្ងៃចន្ទ ទី២៣ ខែសីហា ឆ្នាំ២០២១។

លោក John Kirby អ្នកនាំពាក្យមន្ទីរបញ្ចកោណបានប្រាប់អ្នកយកព័ត៌មានថា «ក្រសួងការពារជាតិកំពុងរៀបចំ ការណែនាំដល់កម្លាំងអាមេរិកទាំងអស់ ឱ្យចាក់វ៉ាក់សាំងជាចាំបាច់ ដោយមានកំណត់ពេលវេលានៅប៉ុន្មានថ្ងៃខាងមុខនេះ»

គួរបញ្ជាក់ថា នៅព្រឹកថ្ងៃចន្ទនេះរដ្ឋបាលចំណីអាហារនិងឱសថអាមេរិក (FDA)បានផ្តល់ការអនុម័តឲ្យប្រើប្រាស់ពេញលេញចំពោះវ៉ាក់សាំង Pfizer-BioNTech ដែលជាសកម្មភាពមួយដែលត្រូវបានគេរំពឹងថា នឹងជំរុញដល់យុទ្ធការចាក់វ៉ាក់សាំង និងជំរុញឱ្យមានកាតព្វកិច្ចចាក់វ៉ាក់សាំងកាន់តែច្រើននៅទូទាំងប្រទេស៕