(កាប៊ុល)៖ ក្រុមតាលីបង់បានព្រមានកាលពីថ្ងៃចន្ទ ទី២៣ ខែសីហានេះថា វានឹងមានផលវិបាកធ្ងន់ធ្ងរ ប្រសិនបើសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តពន្យាពេលវត្តមានរបស់ពួកគេនៅអាហ្វហ្គានីស្ថានលើសពីសប្តាហ៍ក្រោយ ខណៈដែលភាពវឹកវរនៅតែបន្តកើតមាននៅអាកាសយានដ្ឋានទីក្រុងកាប៊ុល។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AFP នៅយប់ថ្ងៃចន្ទ ទី២៣ ខែសីហា ឆ្នាំ២០២១។

អ្នកនាំពាក្យក្រុមតាលីបង់លោក Suhail Shaheen បានប្រាប់ទូរទស្សន៍ Sky News កាលពីថ្ងៃចន្ទថា «ប្រសិនបើសហរដ្ឋអាមេរិក ឬចក្រភពអង់គ្លេសស្វែងរកការពន្យាពេលបន្ថែមដើម្បីការជម្លៀសរបស់ប្រជាជនពួកគេនោះ ចម្លើយគឺមិនបានទេ ឬអាចនឹងមានផលវិបាកធ្ងន់ធ្ងរ»

អ្នកនាំពាក្យក្រុមតាលីបង់រូបនេះបានបន្ថែមថា ការស្នាក់នៅលើសពីកាលកំណត់ដែលបានព្រមព្រៀងគ្នាគឺ «ឈ្លានពាន»

គួរបញ្ជាក់ថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានកំណត់ថ្ងៃទី៣១ ខែសីហា នេះជាថ្ងៃចុងក្រោយ នៃការដកកងទ័ព និងជម្លៀសមនុស្សចេញពីប្រទេសអាហ្វហ្គានីស្ថាន។ ប៉ុន្តែភាគីចក្រភពអង់គ្លេសកំពុងជំរុញឱ្យ កាលបរិច្ឆេទផុតកំណត់នេះបន្តលើសពីថ្ងៃទី៣១ ខែសីហាបន្ថែមទៀត ដើម្បីបង្កើនចំនួនមនុស្សដែលខ្លួនអាចជួយសង្គ្រោះ ឲ្យចាកចេញពីប្រទេសអាស៊ីខាងត្បូងមួយនេះ៕