(ម៉ានីល)៖ ប្រទេសហ្វីលីពីនបានរាយការណ៍ពីចំនួនអ្នកឆ្លងកូវីដ១៩ ថ្មីប្រចាំថ្ងៃខ្ពស់បំផុតមិនធ្លាប់មាននៅថ្ងៃចន្ទនេះ ជាមួយការរកឃើញករណីឆ្លងថ្មីរហូតដល់ ១៨,៣៣២នាក់ ខណៈដែលអាជ្ញាធរបានទទួលស្គាល់ជាលើកដំបូងពីការឆ្លងរីករាលដាលវីរុសបំប្លែងខ្លូនថ្មី Delta ចូលក្នុងសហគមន៍កម្រិតធ្ងន់ធ្ងរ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅយប់ថ្ងៃចន្ទ ទី២៣ ខែសីហា ឆ្នាំ២០២១។

គួរជំរាបថា រដ្ឋធានីម៉ានីលនិងទីក្រុងចំនួន១៦ ដែលមានប្រជាជនជាង ១៣ លាននាក់បានស្ថិតនៅក្រោមវិធានការណ៍បិទខ្ទប់យ៉ាងតឹងរ៉ឹង ដែលត្រូវអាជ្ញាធរសម្រេចបន្ធូរបន្ថយរយៈពេល ១០ ថ្ងៃចាប់ពីថ្ងៃទី២១ ខែសីហាដើម្បីអនុញ្ញាតឱ្យអាជីវកម្មជាច្រើនដំណើរការឡើងវិញ។

សេចក្តីថ្លែងការណ៍បាននិយាយថា ប្រទេសហ្វីលីពីនបានកត់ត្រាករណីឆ្លង COVID-19 សរុបចំនួន ១.៨៦លានករណី ក្នុងនោះ១ភាគ៥ ត្រូវបានរកឃើញក្នុងរយៈពេល ៤០ ថ្ងៃចុងក្រោយនេះ ខណៈមនុស្សជិត ៣២,០០០នាក់បានស្លាប់ដោយសារជំងឺដ៏កាចសាហាវនេះ៕