(សៀងហៃ)៖ អាជ្ញាធរប្រឆាំងអំពើពុករលួយនៃប្រទេសចិន នាថ្ងៃចន្ទនេះ បានឲ្យដឹងថា សមាជិកទាំងអស់នៃគណបក្សកុម្មុយនិស្តចិន នៅក្នុងទីក្រុងហាងចូវ (Hangzhou) ត្រូវបានបង្គាប់ឲ្យដោះស្រាយជាបន្ទាន់ នូវទំនាស់ផលប្រយោជន៍នានាពាក់ព័ន្ធនឹងធុរកិច្ច ដែលអាចមានជាប់ទាក់ទិនជាមួយពួកគេផ្ទាល់ ឬមួយក៏សាច់ញាតិ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៣ ខែសីហា ឆ្នាំ២០២១។

ការចេញបញ្ជាខាងលើនេះធ្វើឡើង បន្ទាប់ពីអាជ្ញាធរប្រឆាំងអំពើពុករលួយចិន CDDI ទើបតែបានប្រកាសបើកការស៉ើបអង្កេតទៅលើ មន្រ្តីជាន់ខ្ពស់បំផុតរបស់បក្សកុម្មុយនិស្តចិននៃទីក្រុង Hangzhou គឺលោក ចូវ ជាំងយ៉ុង (Zhou Jiangyong) ដែលជាលេខាបក្សប្រចាំនៅទីនោះ។ បើតាមការបញ្ជាក់របស់ CDDI លោក Zhou ត្រូវស្ថិតក្រោមការស៉ើបអង្កេតពី បទបំពានច្បាប់និងវិន័យធ្ងន់ធ្ងរ ខណៈវាមិនច្បាស់នោះទេថា លោក Zhou ត្រូវបានឃាត់ខ្លួនដែរឬយ៉ាងណា។

អាជ្ញាធរ CDDI បានប្រាប់ថា សមាជិកបច្ចុប្បន្នចំនួនជិត២៥,០០០នាក់ ដែលស្ថិតក្នុងជួរថ្នាក់ដឹកនាំរបស់បក្ស នៅទីក្រុងភាគខាងកើតមួយនេះ ព្រមទាំងអ្នកដែលបានចូលនិវត្តន៍ ក្នុងចន្លោះពេល៣ឆ្នាំចុងក្រោយ គឺត្រូវបានបង្គាប់ឲ្យដោះស្រាយបញ្ហាទំនាស់ផលប្រយោជន៍។

គួរបញ្ជាក់ថា ទីក្រុង Hangzhou គឺជាមជ្ឈមណ្ឌលបច្ចេកវិទ្យាដ៏សំខាន់មួយរបស់ចិន ដោយក្រុមហ៊ុនកំពូលៗមួយចំនួនផ្នែក software និងអ៉ីនធើណិត រួមមានទាំងក្រុមហ៊ុន Alibaba Group ផងដែរនោះ តាំងនៅ។ ក្រុមហ៊ុនបច្ចេកវិទ្យា-ហិរញ្ញវត្ថុ Ant Group ដែលជាបុត្រសម្ពន្ធរបស់ Alibaba ក៏ស្ថិតនៅទីក្រុង Hangzhou ដែរ ហើយក្រុមហ៊ុននេះហើយ ដែលបានទទួលរងការរឹតត្បិតជាខ្លាំង ពីអាជ្ញាធរចិន កាលពីឆ្នាំមុន៕