(សេអ៊ូល)៖ កូរ៉េខាងជើងបាន និងកំពុងអភិវឌ្ឍឧបករណ៍ធ្វើតេស្ដស្ដង់ដារ ឬ PCR ដោយខ្លួនឯង ដើម្បីដឹកនាំការធ្វើតេស្ដរក COVID-19 បើទោះជាមកទល់នឹងពេលនេះ មិនទាន់មានករណីឆ្លងសូម្បីតែមួយករណី ត្រូវបានរាយការណ៍ក្នុងប្រទេសនេះក៏ដោយ។ នេះបើតាមប្រភពចេញពី ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង ដែលត្រូវបានដកស្រង់នៅព្រឹកថ្ងៃចន្ទ ទី២៣ ខែសីហា ឆ្នាំ២០២១។

សារព័ត៌មានរដ្ឋកូរ៉េខាងជើង Rodong Sinmun បានឱ្យដឹងទៀតថា ការអភិវឌ្ឍឧបករណ៍តេស្ដ PCR គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ការឆ្លង រាលដាល COVID-19 របស់របបដឹកនាំលោក គីម ជុងអ៊ុន។ Rodong Sinmun បានគូសបញ្ជាក់យ៉ាងខ្លីដូច្នេះថា «ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង
ទប់ស្កាត់ការឆ្លងរាលដាល COVID-19 ក្រុមអ្នកវិទ្យាសាស្ត្រ និងបច្ចេកទេសនៃរាជបណ្ឌិតសភាវិទ្យាសាស្ត្រកូរ៉េខាងជើង បាននិងកំពុងអភិវឌ្ឍឧបករណ៍តេស្ដ PCR ដោយខ្លួនឯង ស្របទៅតាមស្ដង់ដារសកលជាលើកដំបូងបំផុត»

គួរបញ្ជាក់ថា កូរ៉េខាងជើងមកទល់នឹងពេលនេះ មិនបានរាយការណ៍ពីករណីឆ្លង COVID-19 ឡើយសូម្បីតែមួយករណី ខណៈប្រទេសឯកោមួយនេះ នៅតែបន្តបិទព្រំដែន និងអនុវត្តវិធានការសុខាភិបាលយ៉ាងតឹងរ៉ឹងបំផុត ដើម្បីប្រយុទ្ធប្រឆាំងជាមួយជំងឺឆ្លងរាតត្បាតសកលមួយនេះ ជាពិសេសគឺវីរុសបំប្លែងថ្មី ដែលតា (Delta) និង ឡាំបដា (Lambda)៕