(យូអិន)៖ អង្គការសហប្រជាជាតិ (UN) ដែលមានទីស្នាក់ការកណ្តាលនៅបុរីញូយ៉ក បានប្រកាសពីការជម្លៀសបុគ្គិលកបន្ថែមទៀតចំនួន ១២០នាក់ ចេញពីទីក្រុងកាប៊ុល នៃប្រទេសអាហ្វហ្គានីស្ថាន ទៅកាន់ទីក្រុង អាល់ម៉ាទី (Almaty) នៃប្រទេសកាហ្សាក់ស្ថាន ដែលជាផ្នែកមួយនៃគម្រោងផ្លាស់ប្តូរទីតាំងឈរជើង ក្រោយបុគ្គលិក ១០០នាក់ ត្រូវបានជម្លៀសក្នុងជំហ៊ានដំបូងកាលពីថ្ងៃពុធសប្តាហ៍មុន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃចន្ទ ទី២៣ ខែសីហា ឆ្នាំ២០២១។

បើតាមលោក ស្ទេហ្វាន ឌូចារិច (Stephane Dujarric) អ្នកនាំពាក្យអគ្គលេខាធិការ UN បានប្រាប់ឲ្យដឹងថា បុគ្គលិកដែលត្រូវបានជម្លៀស នៅថ្ងៃអាទិត្យ ទី២២ ខែសីហានោះ គឺរួមមានបុគ្គលិករបស់ UN ផ្ទាល់ និងសមាជិកនៃអង្គការក្រៅរដ្ឋាភិបាល ដែលជាដៃគូអនុវត្តការងារ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។ សម្រាប់បុគ្គលិក UN ក្រោយការជម្លៀស ពួកគេនឹងបន្តបំពេញកិច្ចការងារពាក់ព័ន្ធអាហ្វហ្គានីស្ថានដដែល ដោយយកទីក្រុង Almaty របស់ប្រទេសកាហ្សាកស្ថាន ធ្វើជាមូលដ្ឋានជំនួសវិញ។

គួរបញ្ជាក់តាមលោក Stephane Dujarric ថ្លែងថា បេសកកម្មរបស់ UN នៅអាហ្វហ្គានីស្ថាន គឺផ្តោតសំខាន់ទៅលើសុវត្ថិភាពនៃបុគ្គលិក និងដៃគូផ្សេងៗរាប់ពាន់នាក់ទៀត ដែលកំពុងស្ថិតនៅអាហ្វហ្គានីស្ថាននៅឡើយ ហើយ UN ក៏កំពុងរៀបចំផ្តល់ជំនួយមនុស្សធម៌ដ៏ចាំបាច់ ទៅដល់ប្រជាជនអាហ្វហ្គានីស្ថានរាប់លាននាក់ ទោះបីជាស្ថិតក្នុងស្ថានការណ៍យ៉ាប់យ៉ឺនយ៉ាងណាក៏ដោយ៕