(កាប៊ុល)៖ អតីតកងទ័ពម៉ារីនម្នាក់របស់ចក្រភពអង់គ្លេស បានអះអាងថា យន្តហោះដែលជម្លៀសមនុស្សចេញទីក្រុងកាប៊ុល នៃប្រទេសអាហ្វហ្គានីស្ថាន គឺហោះចេញពីអាកាសយានដ្ឋាន ដោយមិនខ្វល់ថា មានដឹកមនុស្សពេញឬក៏អត់ឡើយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Spuntik នៅថ្ងៃសុក្រ ទី២០ ខែសីហា ឆ្នាំ២០២១។

លោក Paul Farthing បានបង្កើតអង្គការការពារសត្វមួយឈ្មោះថា Nowzad Charity នៅទីក្រុងកាប៊ុល។ លោកបានសន្យាជួយបុគ្គលិក ជនជាតិអាហ្វហ្គានីស្ថានចំនួន៧១នាក់ និងគ្រួសាររបស់ពួកគេ ភៀសខ្លួនចេញពីប្រទេសអាហ្វហ្គានីស្ថាន។ លោក Farthing បានអះអាងថា ពេលលោកជូនភរិយាឡើងយន្តហោះយោធាដឹកជញ្ជូន C-17 Globemaster ដើម្បីឆ្ពោះទៅកាន់ន័រវែស លោកឃើញយន្តហោះនោះ ហោះឡើងចេញពីព្រលាន ក្នុងសភាពសឹងតែទទេស្អាត ខណៈមនុស្សរាប់ពាន់នាក់នៅលើដី ប្រឹងប្រែងត្រដរស្វែងរកឱកាស ដើម្បីចាកចេញពីប្រទេសអាហ្វហ្គានីស្ថាន។

គួរបញ្ជាក់ថា រដ្ឋាភិបាលអាហ្វហ្គានីស្ថាន ដែលគាំទ្រដោយលោកខាងលិច បានដួលរលំ ក្រោយក្រុមតាលីបង់ បើកយុទ្ធនាការវាយលុកយកតំបន់សំខាន់ៗ បានក្នុងល្បឿនយ៉ាងឆាប់ហ័ស ខណៈដែលកងទ័ពអាមេរិកនិង NATO ដកចេញពីអាហ្វហ្គានីស្ថាន។ តាលីបង់បានបិទបញ្ចប់ប្រតិបត្តិការរបស់ពួកគេ ក្រោយការចូលគ្រប់គ្រងរដ្ឋធានីកាប៊ុល កាលពីថ្ងៃទី១៥ ខែសីហា។

បច្ចុប្បន្ន ប្រតិបត្តិការជម្លៀសមនុស្ស កំពុងបន្តប្រព្រឹត្តទៅនៅទីក្រុងកាប៊ុលនៅឡើយ។ ទិដ្ឋភាពចលាចល ត្រូវបានរាយការណ៍នៅព្រលានយន្តហោះ ដោយមានរូបភាពនិងឃ្លីបវីដេអូ បង្ហាញពីមនុស្សតោងយន្តហោះរបស់សហរដ្ឋអាមេរិក ដែលត្រៀមនឹងហោះឡើង រហូតដល់មានសេចក្តី រាយការណ៍ពីមនុស្សស្លាប់ទៀតផង។ មនុស្សសរុប១២នាក់ ត្រូវគេអះអាងថា បានស្លាប់ នៅក្នុងនិងជុំវិញអាកាសយានដ្ឋានទីក្រុងកាប៊ុល គិតចាប់តាំងពីថ្ងៃអាទិត្យចុងសប្តាហ៍មុន៕