(គូឡាឡាំពួ)៖ ព្រះមហាក្សត្រម៉ាឡេស៊ីបានសម្រេចព្រះទ័យតែងតាំង លោក អ៊ីស្មែល សាប្រ៊ី យ៉ាអាខូប (Ismail Sabri Yaakob) ជានាយករដ្ឋមន្ត្រីថ្មី ដើម្បីបិទបញ្ចប់ជម្លោះនយោបាយដ៏រុំារ៉ៃ ដែលប្រទេសអាស៊ានមួយនេះបានជួបប្រទះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Bloomgerg នៅមុននេះបន្តិច នារសៀលថ្ងៃសុក្រ ទី២០ ខែសីហា ឆ្នាំ២០២១។

បើតាមសេចក្តីថ្លែងការណ៍ពីព្រះបរមរាជវាំងម៉ាឡេស៊ី លោក Ismail Sabri នឹងស្បថចូលកាន់តំណែងជាផ្លូវការ នៅថ្ងៃសៅរ៍ ទី២១ ខែសីហា ស្អែកនេះ។ ការសម្រេចព្រះទ័យជ្រើសតាំងលោក Ismail Sabri ធ្វើជានាយករដ្ឋមន្ត្រី បានកើតមានឡើងក្រោយពីព្រះមហាក្សត្រម៉ាឡេស៊ី ព្រះចៅ អាប់ឌុលឡោះ បានរាជានុញ្ញាតឲ្យមន្ត្រីរាជការចូលគាល់ និងពិភាក្សាអំពីបញ្ហានយោបាយនានា។

ការតែងតាំងលោក Ismail Sabri បានកើតឡើងមិនដល់មួយសប្តាហ៍ឡើយ ក្រោយនាយករដ្ឋមន្ត្រីមុនគឺលោក មូហ៍យីដទីន យ៉ាស់ស៊ីន (Muhyiddin Yassin) និងគណៈរដ្ឋមន្ត្រីរបស់លោកទាំងមូល បានសម្រេចចិត្តលាលែងចេញពីតំណែង កាលពីថ្ងៃចន្ទ ទី១៦ ខែសីហា។ លោក Muhyiddin Yassin ដែលបានកាន់តំណែងនាយករដ្ឋមន្ត្រីតែ ១៧ខែនោះ បានទទួលរងសម្ពាធយ៉ាងខ្លាំង ជុំវិញការចោទប្រកាន់ថា លោកបានដោះស្រាយវិបត្តិសេដ្ឋកិច្ច និងជំងឺរាតត្បាត COVID-19 ដោយគ្មានប្រសិទ្ធភាព។

គួរបញ្ជាក់ថា លោក Ismail Sabri អាយុ ៦១ឆ្នាំ ដែលនឹងត្រូវឡើងស្បថឡើងកាន់តំណែង នៅថ្ងៃសៅរ៍ស្អែកនេះ ក៏ធ្លាប់កាន់តំណែងជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិម៉ាឡេស៊ី នៅក្នុងជួររដ្ឋាភិបាលមុនផងដែរ៕