(ឡុងដ៍)៖ ថ្នាំចាក់អង់ទីកររបស់ក្រុមហ៊ុន AstraZeneca ត្រូវបានធ្វើតេស្តរកឃើញថា មានប្រសិទ្ធភាព៧៧ភាគរយ ក្នុងការការពារក្រុមបុគ្គល ដែលរងហានិភ័យខ្ពស់ ប្រឆាំងនឹងជំងឺ COVID-19។ នេះបើតាមការចេញផ្សាយដោយ បណ្តាញព័ត៌មាន Bloomberg នៅថ្ងៃសុក្រ ទី២០ ខែសីហា ឆ្នាំ២០២១។

ការធ្វើតេស្តទៅលើមនុស្សសរុបចំនួន ៥,១៩៧នាក់ ដែលបានចាប់ផ្តើមកាលពីខែវិច្ឆិកា ឆ្នាំ២០២០ មានគោលដៅដើម្បីបញ្ជាក់ថាតើ ថ្នាំអង់ទីកររបស់ AstraZeneca មានប្រសិទ្ធិភាពការពារ ក្រុមបុគ្គលងាយរងហានិភ័យពី COVID-19 ដែរឬយ៉ាងណា ហើយវាបានប្រព្រឹត្តទៅនៅសហរដ្ឋអាមេរិក អង់គ្លេស បែលហ្ស៉ិក បារាំង និងអេស៉្បាញ។

លទ្ធផលនៃការសិក្សារបស់ក្រុមហ៊ុន AstraZeneca បានរកឃើញទៀតថា ពុំមាននរណាម្នាក់ដែលចាក់ថ្នាំនេះហើយ ធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ ឬក៏បាត់បង់ជីវិត ដោយសារ COVID-19 ឡើយ។

គួរបញ្ជាក់ថា ថ្នាំអង់ទីករប្រឆាំង COVID-19 ខុសគ្នាពីវ៉ាក់សាំង ត្រង់ថាវាជាការចាក់អង់ទីករដោយផ្ទាល់ ចូលទៅក្នុងខ្លួនមនុស្ស ខណៈវ៉ាក់សាំង គឺចាក់ដើម្បីជួយរាងកាយយើងផលិតអង់ទីករ៕