(តូក្យូ)៖ នៅថ្ងៃសុក្រនេះ ខេត្តចំនួន៧ផ្សេងទៀត នៃប្រទេសជប៉ុនត្រូវបានដាក់ឲ្យស្ថិតក្រោមភាពអាសន្ន COVID-19 ចំពោះមុខការរលកឆ្លងរាតត្បាតចុងក្រោយ ដែលកំពុងមានសភាពធ្ងន់ធ្ងរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅថ្ងៃសុក្រ ទី២០ ខែសីហា ឆ្នាំ២០២១។

ខេត្តទាំង៧នោះ រួមមាន អ៉ីបារ៉ាគី (Ibaraki), តូឈីហ្គី (Tochigi), ហ្គុនម៉ា (Gunma), ស្ស៉ីហ៊្សូអូកា (Shizuoka), ក្យូតូ (Kyoto), ហ៉ីយ៉ូហ្គោ (Hyogo), និងហ៊្វូគូអូកា (Fukuoka)។ វិធានការភាពអាសន្ននឹងត្រូវអនុវត្តរហូតដល់ថ្ងៃទី១២ ខែកញ្ញា ខាងមុខ។ កន្លងមក ខេត្តឈីបា (Chiba), សៃតាម៉ា (Saitama), កាណាហ្គាវ៉ា (Kanagawa), អូសាកា (Osaka), អូគីណាវ៉ា (Okinawa), និងទីក្រុងតូក្យូ ក៏ត្រូវបានដាក់ឲ្យស្ថិតក្រោមភាពអាសន្ន COVID-19 ផងដែរ។

គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ជប៉ុនបានកត់ត្រាករណីឆ្លង COVID-19 ថ្មីៗចំនួនជាង ២៥,០០០នាក់ ដែលជាតួលេខខ្ពស់បំផុតមិនធ្លាប់មាន។ មកទល់ឥឡូវ ជប៉ុនមានករណីឆ្លងសរុបជាង១.២លាននាក់ ក្នុងនោះមានអ្នកស្លាប់ជាង១៥,៥០០នាក់។ សម្រាប់ការចាក់វ៉ាក់សាំងវិញ ពាក់កណ្តាលនៃប្រជាជនសរុប១២៥លាននាក់របស់ជប៉ុន គឺទទួលបានការចាក់វ៉ាក់សាំងយ៉ាងហោច១ដូស ដោយជិត៤០ភាគរយ ចាក់បានគ្រប់ដូស៕