(បរទេស)៖ ខែកក្កដាកន្លងទៅនេះគឺជាខែដែលក្ដៅបំផុត ជាប់កំណត់ត្រាមួយនៅក្នុងប្រវិត្តសាស្ត្រ។ ប៉ុន្តែរលកកម្ដៅដ៏អាក្រក់នេះ នៅមិនទាន់បញ្ចប់នៅឡើយទេ ខណៈឆ្នាំ២០២១នេះ គឺជាឆ្នាំមួយក្នុងចំណោមកំណត់ត្រានៃឆ្នាំទាំង ១០ ដែលមានអាកាសធាតុក្ដៅបំផុត។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃសុក្រ ទី២០ ខែសីហា ឆ្នាំ២០២១។

បើតាមក្រុមអ្នកវិទ្យាសាស្ត្រផ្នែកអាកាសធាតុ មកពីរដ្ឋបាលជាតិមហាសមុទ្រ និងបរិយាកាសរបស់សហរដ្ឋអាមេរិក NOAA (U.S. National Oceanic and Atmospheric Administration) ការឡើងកម្ដៅផែនដី គឺមានជាប់ពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ ដែលកំពុងបង្កការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការឡើងកម្ដៅផែនដីនៅពេលអនាគត។
ក្រុមអ្នកវិទ្យាសាស្ត្រអាមេរិកខាងលើនេះបានឱ្យដឹងទៀតថា ការឡើងកម្ដៅសីតុណ្ហភាព, គ្រោះរាំងស្ងួត, ភ្លើងឆេះព្រៃ និងបញ្ហាប្រែប្រួលអាកាសធាតុដទៃៗទៀត ដែលកំពុងគំរាមកំហែងសហរដ្ឋអាមេរិក អាចយកមកធ្វើជាឧទាហរណ៍ សម្រាប់ពិភពលោកទាំងមូលបាន។

គួរបញ្ជាក់ថា ភ្លើងឆេះព្រៃធំៗជាច្រើនបាននិងកំពុងឆាបឆេះ នៅទូទាំងពិភពលោក ក្នុងនោះជាពិសេសបើតាមរូបភាពផ្កាយរណប ភ្លើងឆេះព្រៃ ដាយហ្ស៊ី (Dixie) ដែលកំពុងឆាបឆេះតំបន់ភាគខាងជើងរដ្ឋកាលីហ្វ័រញ៉ា (Northern California) សហរដ្ឋអាមេរិក បានបំផ្លាញព្រៃឈើលើផ្ទៃដី ២៣៤,០០០ហិកតា ខណៈភ្លើងឆេះព្រៃ ម៉ាកអ៊ីវ៉យ (McEvoy) ត្រូវបានគេរំពឹងថា នឹងឆេះរាលដាលកាន់តែខ្លាំងឡើងផងដែរ៕