(វ៉ាស៊ីនតោន)៖ មន្ទីរការពារជាតិអាមេរិក បញ្ចកោណ (Pentagon) នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះបានប្រកាសថា សហរដ្ឋអាមេរិកបានដឹកមនុស្សប្រហែល ៧,០០០នាក់ហើយចេញពីប្រទេសអាហ្វហ្គានីស្ថាន គិតចាប់តាំងពីបេសកកម្មជម្លៀស បានចាប់ផ្តើមកាលពីថ្ងៃទី១៤ ខែសីហាកន្លងទៅនេះ។ នេះបើយោងតាមការចេញផ្សាយ ដោយសារព័ត៌មានចិន CGTN នៅព្រឹកថ្ងៃសុក្រ ទី២០ ខែសីហា ឆ្នាំ២០២១។

ក្នុងរយៈពេលតែ ២៤ម៉ោងចុងក្រោយនេះប៉ុណ្ណោះ មនុស្សជាង ២,០០០នាក់ ត្រូវបានជម្លៀសចេញពីប្រទេសអាហ្វហ្គានីស្ថាន តាមរយៈយន្តហោះយោធាអាមេរិក C-17 ដែលក្នុងនោះមានប្រហែល ៣០០នាក់ជាជនជាតិអាមេរិក។ បច្ចុប្បន្ននេះ កងទ័ពអាមេរិកជាង ៥,២០០នាក់កំពុងស្ថិតនៅអាកាសយានដ្ឋានទីក្រុងកាប៊ុល (Kabul) ប្រទេសអាហ្វហ្គានីស្ថាន ដើម្បីការពារការជម្លៀស ក៏ដូចជាការពារយន្តហោះចម្បាំងរបស់ខ្លួន ដែលកំពុងបន្តការហោះហើរពីលើទីក្រុងនេះ ដើម្បីធានាសន្តិសុខសម្រាប់ប្រតិបត្តិការជម្លៀស។

ទោះជាបែបនេះក្តី អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក ចន ឃើប៊ី (John Kirby) បានគូសបញ្ជាក់ប្រាប់អ្នកសារព័ត៌មាននៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) ថា លោកមិនដឹងអំពីចំនួនជាក់លាក់នៃពលរដ្ឋអាមេរិក ដែលមិនទាន់ត្រូវបានជម្លៀស នៅប្រទេសអាហ្វហ្គានីស្ថាននោះឡើយ។ ដោយឡែកសម្រាប់ពេលវេលាជាក់លាក់ ដែលនឹងបញ្ចប់ការជម្លៀសមនុស្ស ចេញពីអាហ្វហ្គានីស្ថាន ក៏មិនទាន់មានការបញ្ជាក់នោះដែរ។

គួរបញ្ជាក់ថា ក្រោយក្រុមតាលីបង់ចូលគ្រប់គ្រងរដ្ឋធានីកាប៊ុល កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ ពួកគេបានប្រកាសលើកលែងទោស ដល់មនុស្សគ្រប់គ្នាទាំងអស់ និងអំពាវនាវឲ្យមន្ត្រីរដ្ឋាភិបាលមុនចូលបម្រើការងារវិញ ហើយពលរដ្ឋអាចបន្តការងារចិញ្ចឹមជីវិតដូចធម្មតា។ ក្រុមតាលីបង់ក៏បានធានាសុវត្ថិភាព ដល់ការជម្លៀសជនបរទេស និងអ្នកទទួលបានសិទ្ធិជ្រកកោននៅបរទេសផងដែរ៕