(ប៉ាស៊ីហ្វិក)៖ ទីភ្នាក់ងារតាមដានភូមិសាស្ត្រ និងគ្រោះរញ្ជួយដីអាមេរិក (USGS) បានប្រកាសថា រលកយក្សស៊ូណាមិបានកើតមានឡើង ក្រោយពីគ្រោះរញ្ជួយដីកម្រិត ៧.១រ៉ិចទ័រ បាយប្រហារដែនកោះ វ៉ានួទូ (Vanuatu) នៃមហាសមុទ្រប៉ាស៊ីហ្វិក នៅមុននេះបន្តិច។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sky News នាល្ងាចថ្ងៃពុធ ទី១៨ ខែសីហា ឆ្នាំ២០២១។

ភ្លាមៗបែបនេះមិនទាន់មានសេចក្តីបន្ថែម អំពីស្ថានភាពនៃរលកយក្សស៊ូណាមិ ឬក៏អាចមានមនុស្សរងគ្រោះដែរ ឬមួយក៏យ៉ាងណានោះឡើយ។

គ្រោះរញ្ជួយដីដ៏ធំនេះបានវាយប្រហារនៅជិតឆ្នេរសមុទ្រផត-អូលី (Port-Orly) ដែលជាភូមិមួយនៅលើកោះ Espiritu Santo ក្នុងខេត្ត Sanma ដែលជាផ្នែកមួយនៃប្រជុំកោះប្រមាណ ៨០កោះ នៅមហាសមុទ្រប៉ាស៊ីហ្វិកខាងត្បូង។

យោងតាមវិទ្យាស្ថានភ្នំភ្លើង និងរញ្ជួយដីហ្វីលីពីនបានឲ្យដឹងថា គ្រោះរញ្ជួយដីនេះបានកើតឡើងនៅវេលាម៉ោង ៦៖១០ នាទីល្ងាចថ្ងៃពុធ (ម៉ោងក្នុងស្រុក)។ ទោះជាយ៉ាងណា រហូតមកទល់ពេលនេះមិនមានសេចក្តីរាយការណ៍អំពីមនុស្សរងគ្រោះ ឬមួយយ៉ាងណានោះទេ ខណៈទីភ្នាក់ងារ USGS អាមេរិកអះអាងពី រលកយក្សស៊ូណាមិកើតឡើង ក្រោយគ្រោះរញ្ជួយដីមួយនេះ៕