(កាប៊ុល)៖ លោក អាណាស់ ហាកកានី (Anas Haqqani) ដែលជាមេបញ្ជាការម្នាក់របស់ក្រុមតាលីបង់ និងជាថ្នាក់ដឹកនាំជាន់ខ្ពស់មួយរូប នៃបណ្តាញអង្គភាព Haqqani បានជួបពិភាក្សាជាមួយអតីតប្រធានាធិបតីអាហ្វហ្គានីស្ថាន លោក ហាមីដ កាហ្សៃ (Hamid Karzai)។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅល្ងាចថ្ងៃពុធ ទី១៨ ខែសីហា ឆ្នាំ២០២១។

ជំនួបនេះកើតឡើង ស្របពេលដែលក្រុមតាលីបង់ កំពុងព្យាយាមបង្កើតរដ្ឋាភិបាល ក្រោយបានដណ្តើមកាន់កាប់ប្រទេសអាហ្វហ្គានីស្ថាន។ កំលុងកិច្ចពិភាក្សាខាងលើ លោក Karzai ត្រូវបានអមដំណើរដោយប្រមុខបេសកជនចរចាសន្តិភាព របស់អតីតរដ្ឋាភិបាលអាហ្វហ្គានីស្ថាន គឺលោក អាប់ឌុលឡោះ អាប់ឌុលឡោះ (Abdullah Abdullah)។ យ៉ាងណាមិញ មន្រ្តីក្រុមតាលីបង់ មិនបានផ្តល់ព័ត៌មានលម្អិតអ្វី អំពីជំនួបពិភាក្សានេះឡើយ។

គួរបញ្ជាក់ថា លោក Hamid Karzai បានកាន់តំណែងជាប្រធានាធិបតីអាហ្វហ្គានីស្ថាន ចាប់ពីចន្លោះចុងឆ្នាំ២០០១ រហូតដល់ ឆ្នាំ២០១៤។ ចំណែក លោក អាស្រាហ្វ ហ្កានី (Ashraf Ghani) ដែលជាប្រធានាធិបតីបន្ទាប់ពីលោក បានរត់ភៀសខ្លួនចេញពីប្រទេសអាហ្វហ្គានីស្ថាន នៅពេលក្រុមតាលីបង់ចូលគ្រប់គ្រងរដ្ឋធានីកាប៊ុល កាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុន៕