(តូក្យូ)៖ យោងតាមទិន្នន័យរបស់រដ្ឋាភិបាលជប៉ុនបានឱ្យដឹងថា ករណីឆ្លងជំងឺកូវីដ១៩ ប្រចាំថ្ងៃរបស់ប្រទេសជប៉ុនបានកើនឡើងដល់ ២០,០០០នាក់ជាលើកដំបូងនៅថ្ងៃសុក្រនេះ ដែលជាតួលេខខ្ពស់បំផុតមិនធ្លាប់មាន គិតចាប់តាំងពីមានឆ្លងរីករាលដាលនៃជំងឺរាតត្បាតនេះមក។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅយប់ថ្ងៃសុក្រ ទី១៣ ខែសីហា ឆ្នាំ២០២១។

ក្នុងចំណោមករណីឆ្លងថ្មីខាងលើ មាន ៥,៧៧៣ករណីត្រូវបានបញ្ជាក់ក្នុងទីក្រុងតូក្យូ ដែលជាតួលេខខ្ពស់បំផុតមួយដែរ សម្រាប់រាជធានីជប៉ុនមួយនេះ។

ក្រសួងសុខាភិបាលជប៉ុនបាននិយាយថា ចំនួនអ្នកជំងឺឈឺធ្ងន់ក៏បានកើនឡើងដល់កម្រិតខ្ពស់បំផុតផងដែរ ដែលមានចំនួនរហូតដល់ ១,៤៧៨នាក់នៅទូទាំងប្រទេសគិតត្រឹមថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។

ការកើនឡើងនៃចំនួនករណីឆ្លងថ្មីនេះ កើតឡើងចំពេលនៃរដូវិស្សកាលរដូវក្តៅ ខណៈអភិបាលក្រុងតូក្យូកំពុងអំពាវនាវឲ្យប្រជាពលរដ្ឋកុំធ្វើដំណើរទៅខេត្តផ្សេងទៀត។

អភិបាលក្រុងតូក្យូលោក Yuriko Koike បាននិយាយថា «ឥឡូវនេះយើងកំពុងប្រឈមមុខនឹងវិបត្តិធំបំផុតចាប់តាំងពីជំងឺរាតត្បាតបានចាប់ផ្តើម ដែលអាចរាប់ថាជាគ្រោះមហន្តរាយមួយ។ យើងស្នើសុំឲ្យអ្នករាល់គ្នាធ្វើសកម្មភាពដើម្បីការពារជីវិតផ្ទាល់ខ្លួនរៀងៗខ្លួន»៕