(យីនឈាន់)៖ សមយុទ្ធយោធាប្រចាំឆ្នាំរវាងចិន និងរុស្ស៊ីដែលមានឈ្មោះថា ហ្សាផាដ អ៊ីនធើអ៊ែកសិន ២០២១ ( ZAPAD/INTERACTION-2021) បានចាប់ផ្តើមប្រព្រឹត្តទៅហើយ នៅលើទីលានហ្វឹកហ្វឺននៃកងទ័ពរំដោះប្រជាជនចិន (PLA) ស្ថិតនៅក្នុងតំបន់ស្វយ័ត ណីងសៀ ហ៊ុយ (Ningxia Hui) ភាគនិរតីនៃប្រទេសចិន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃចន្ទ ទី០៩ ខែសីហា ឆ្នាំ២០២១។

លោក លី ហ្សាវឆឹង (Li Zuocheng) សមាជិកនៃគណៈកម្មការមជ្ឈិមយោធាចិន (CMC) ដែលត្រូវបានតែងតាំងជាអគ្គមេបញ្ជាការ គ្រប់គ្រងការធ្វើសមយុទ្ធយោធាខាងលើនេះ បានប្រកាសពីការចាប់ផ្តើមបើកសមយុទ្ធជាផ្លូវការ ដោយក្នុងនោះមានការបែងចែក ជាមូលដ្ឋានសមយុទ្ធនៅលើដី និងលើអាកាស។ បើតាមភាគីចិនបានឲ្យដឹងទៀតថា សមយុទ្ធយោធាជាមួយរុស្ស៊ី នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៩-១៣ ខែសីហា ឆ្នាំ២០២១។

គួរបញ្ជាក់ថា សមយុទ្ធយោធាដែលត្រូវបានព្រមព្រៀងបង្កើតឡើង ដោយប្រទេសមហាអំណាចយោធាទាំងពីរនេះ គឺស្ថិតនៅក្នុងគោលដៅចូលរួមការពារ សន្តិសុខ និងស្ថិរភាពរបស់តំបន់ទាំងមូល តាមរយៈការហ្វឹកហ្វឺនជំនាញគន្លឹះ, ការព្រមានទុកជាមុន, ការទប់ទល់ការវាយប្រហារផ្នែកព័ត៌មានវិទ្យា និងសមត្ថភាពនៃការប្រយុទ្ធផងដែរ។ សមយុទ្ធយោធាលើកនេះ គឺកាន់តែបង្ហាញអំពីការប្តេជ្ញាចិត្ត បង្កើនទំនាក់ទំនងជាយុទ្ធសាស្ត្រ រវាងមហាយក្សយោធាទាំងពីរ៕