(ហ្សឺណែវ)៖ ស្របពេលដែល ពិភពលោកបាននិងកំពុងមើលឃើញជាបន្តបន្ទាប់ នូវគ្រោះមហន្តរាយភ្លើងឆេះព្រៃ និងគ្រោះទឹកជំនន់ដ៏អាក្រក់ៗ ក្រុមជំនាញវិទ្យាសាស្រ្តអាកាសធាតុ របស់អង្គការសហប្រជាជាតិ (UN) នៅថ្ងៃចន្ទនេះ នឹងបញ្ចេញរបាយការណ៍សំខាន់មួយ ពាក់ព័ន្ធកំណើនសីតុណ្ហភាព ព្រមទាំងកម្ពស់នីវ៉ូទឹកសមុទ្រ នៅលើផែនដី មុនពេលកិច្ចប្រជុំកំពូលទាក់ទងអាកាសធាតុ នឹងត្រូវរៀបចំឡើងក្នុងប្រទេសស្តុតលែន នៅប៉ុន្មានខែខាងមុខ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី០៩ ខែសីហា ឆ្នាំ២០២១។

ក្រោយការពិគ្រោះគ្នារយៈពេល២សប្តាហ៍ ប្រជាជាតិចំនួន១៩៥ កាលពីថ្ងៃសុក្រសប្តាហ៍មុន បានអនុម័តលើរបាយការណ៍មួយ របស់ក្រុមជំនាញអន្តររដ្ឋាភិបាលស្តីពីបម្រែបម្រួលអាកាសធាតុ ហៅកាត់ IPCC របស់ UN ដែលបានធ្វើការវាយតម្លៃដោយគ្រប់ជ្រុងជ្រោយ លើកម្រិតនៃបម្រែបម្រួលអាកាសធាតុពិភពលោក កាលពីអតីតកាល និងសម្រាប់ពេលអនាគត។ ខ្លឹមសារក្នុងរបាយការណ៍នោះ ត្រូវបានរំពឹងថា នឹងបង្ហាញពីទិដ្ឋភាពគួរឲ្យភ័យព្រួយជាខ្លាំង នៃបញ្ហាបម្រែបម្រួលអាកាសធាតុ រួមទាំងការគំរាមកំហែងដ៏អាក្រក់ផ្សេងៗ នាពេលខាងមុខនេះ។

ចំពោះមុខគ្រោះទឹកជំនន់យ៉ាងធ្ងន់ធ្ងរ នៅប្រទេសឥណ្ឌា ចិន និងតំបន់ភាគខាងជើងអឺរ៉ុប ព្រមទាំងរលកកម្តៅដ៏សែនក្តៅ នៅតំបន់អាមេរិកខាងជើង និងភាគខាងត្បូងអឺរ៉ុប ប៉ុន្មានខែកន្លងមកនេះ របាយការណ៍របស់ IPCC គឺជារបាយការណ៍វាយតម្លៃដំបូងបំផុត ទាក់ទងនឹងបញ្ហាបម្រែបម្រួលអាកាសធាតុ គិតចាប់តាំងពីឆ្នាំ២០១៤មក។

គួរបញ្ជាក់ថា ការចេញរបាយការណ៍នេះកើតមានឡើង នៅរយៈពេលមិនដល់៣ខែឡើយ មុនកិច្ចប្រជុំកំពូលស្តីពីអាកាសធាតុ COP26 នៅទីក្រុង ក្លាសកូវ (Glasgow) នៃប្រទេសស្តុតឡែន ត្រូវប្រព្រឹត្តទៅ។ ពាក់ព័ន្ធការវាយតម្លៃអាកាសធាតុជុំចុងក្រោយនេះ របស់ IPCC គឺនៅមានរបាយការណ៍ចំនួន ២ផ្សេងទៀត ក្នុងនោះរបាយការណ៍មួយស្តីពីផលប៉ះពាល់អាកាសធាតុ នឹងត្រូវចេញផ្សាយនៅខែកុម្ភៈ ឆ្នាំ២០២២ និងមួយទៀតដែលផ្តោត លើដំណោះស្រាយសម្រាប់ការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ និងការសម្របទៅនឹងបម្រែបម្រួលអាកាសធាតុ នឹងត្រូវចេញផ្សាយនៅខែមីនា ឆ្នាំ២០២២៕