(ការ៉ាកាស់)៖ ប្រធានាធិបតីវេណេស៊ុយអេឡាលោក នីកូឡាស់ ម៉ាឌួរ៉ូ (Nicolas Maduro) បានប្រកាសថា កិច្ចសន្ទនាជាមួយបក្សប្រឆាំង ដែលដឹកនាំលោក ហ្ស៊ន ហ្គៃដូ (Juan Guaido) បានប្រព្រឹត្តទៅដោយ «រលូនបំផុត»។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃចន្ទ ទី០៩ ខែសីហា ឆ្នាំ២០២១។

លោក ម៉ាឌួរ៉ូ ថែមទាំងបានលើកឡើងទៀតថា កាលបរិច្ឆេទនៃការបើកកិច្ចចរចា ជាមួយគណបក្សប្រឆាំង នឹងត្រូវប្រកាសចេញនៅប៉ុន្មានថ្ងៃខាងមុខទៀតនេះ បន្ទាប់ពីប្រធានាធិបតីម៉ិចស៊ីកូ លោក អាន់ដ្រែស ម៉ានូអ៊ែល ឡូប៉េស អូប្រាកដ័រ (Andres Manuel Lopez Obrador) បានធានាធ្វើជាអាជ្ញាកណ្តាល ឬម្ចាស់ផ្ទះ ក្នុងការរៀបចំព្រឹត្តិការណ៍នេះឡើង។

បើតាមលោក ម៉ាឌួរ៉ូ សេចក្តីព្រាងសំខាន់ៗចំនួន ៣ ត្រូវបានលោកលើកទៅចរចាជាមួយគណបក្សប្រឆាំង ក្នុងនោះមានដូចជា ការដកទណ្ឌកម្មប្រឆាំងវេណេស៊ុយអេឡា ចេញវិញទាំងអស់, ការទទួលស្គាល់ភាពស្របច្បាប់ នៃអាជ្ញាធរនានានៅក្នុងប្រទេសវេណេស៊ុយអេឡា និងការផ្សះផ្សាគ្នាដើម្បីបញ្ចប់អំពើហិង្សា។

គួរបញ្ជាក់ថា ការបោះឆ្នោតរៀបចំឡើងដោយគណបក្សកាន់អំណាច PSUV នៅវេណេស៊ុយអេឡា ក៏បានប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី០៨ ខែសីហា (ពេលវេលានៅអាមេរិកឡាទីន) ផងដែរ ដើម្បីក្លាយជាឧទាហរណ៍មួយ នៃដំណើរការលទ្ធិប្រជាធិបតេយ្យ ហើយក៏ជាការជួយជំរុញឲ្យមានកិច្ចសន្ទនានយោបាយ នៅក្នុងប្រទេសមួយនេះផងដែរ។

ពលរដ្ឋវេណេស៊ុយអេឡា ដែលមានសិទ្ធិបោះឆ្នោតជាង ២០លាននាក់ អាចចូលរួមក្នុងការបោះឆ្នោតផ្ទៃក្នុង រៀបចំឡើងដោយគណបក្ស PSUV ខាងលើនេះ ដើម្បីជ្រើសរើសបេក្ខជនដែលពួកគេពេញចិត្ត ឲ្យទៅចូលរួមក្នុងការបោះឆ្នោតជាតិ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១៕