(កាប៊ុល)៖ ក្រុមសកម្មប្រយុទ្ធតាលីបង់ បានវាយដណ្ដើមយកតំបន់ទីក្រុងធំៗ នៃខេត្តចំនួន ០៣ នៅក្នុងប្រទេសអាហ្វហ្កានីស្ថាន ដោយប្រើពេលត្រឹមតែមួយថ្ងៃប៉ុណ្ណោះ ខណៈពួកគេកំពុងបង្កើនការវាយលុក និងប្ដូរយកយុទ្ធសាស្ត្រមកវាយដណ្ដើមទីក្រុង បន្ទាប់ពីគ្រប់គ្រងបានតំបន់ជនបទមួយភាគធំ នារយៈពេលប៉ុន្មានខែចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP នៅព្រឹកថ្ងៃចន្ទ ទី០៩ ខែសីហា ឆ្នាំ២០២១។

បើតាមក្រុមមន្ត្រីរដ្ឋាភិបាលអាហ្វហ្កានីស្ថាន ក្រុមតាលីបង់កាលពីថ្ងៃអាទិត្យម្សិលមិញ បានដណ្ដើមគ្រប់គ្រងទីក្រុង ឃុនដឹស (Kunduz) ដែលជាទីក្រុងដ៏សំខាន់បំផុតមួយ នៅភាគខាងជើងនៃប្រទេស រួមទាំងទីក្រុង សា អ៊ី ផាល់ (Sar-e-Pul) និងទីក្រុង តាឡូខាន់ (Taloqan)។ ពោលគឺចាប់តាំងពីថ្ងៃសុក្រសប្ដាហ៍មុនមក ទីក្រុងសំខាន់ៗចំនួន ០៥ហើយ បានធ្លាក់ក្នុងកណ្ដាប់ដៃក្រុមតាលីបង់។

ទីក្រុង Kunduz គឺជាទីក្រុងយុទ្ធសាស្ត្រមួយដ៏សំខាន់ ដែលជាផ្លូវតភ្ជាប់ទៅក្នុងទីក្រុងជាច្រើន ក្នុងនោះរួមមានទាំងទីក្រុងកាប៊ុល។ បន្ថែមពីលើនេះ អ្នកនាំពាក្យក្រុមតាលីបង់ក៏បានអះអាងដែរថា គ្មានឡើយកិច្ចព្រមព្រៀងលើបទឈប់បាញ់ ជាមួយរដ្ឋាភិបាលអាហ្វហ្កានីស្ថាន ហើយពួកគេក៏បានព្រមានកុំឱ្យសហរដ្ឋអាមេរិក
ធ្វើអន្តរាគមន៍ជួយរដ្ឋាភិបាលទីក្រុងកាប៊ុលជាដាច់ខាត។

គួរបញ្ជាក់ថា លោកប្រធានាធិបតីអាមេរិក ចូ បៃដិន បានប្រកាសថា កងទ័ពអាមេរិកនឹងត្រូវដកចេញពីអាហ្វហ្កានីស្ថាន នៅត្រឹមចុងខែសីហានេះ ធ្វើយ៉ាងណាឱ្យបានមុនថ្ងៃខួបវាយប្រហារភេរវកម្មថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១។ ព្រមពេលជាមួយគ្នា ក្រុមឧត្តមសេនីយ៍អាមេរិកបានព្រមានថា រដ្ឋាភិបាលអាហ្វហ្កានីស្ថាននឹងត្រូវដួលរលំក្នុងរយៈពេល ០៦ខែ ក្រោយកងទ័ពអាមេរិក និង NATO ត្រូវបានដកចេញទាំងស្រុង៕