(គួរឡាឡាំពួរ)៖ នាយរដ្ឋមន្ត្រីម៉ាឡេស៊ីលោក Muhyiddin Yassin បាននិយាយថា ជនជាតិម៉ាឡេស៊ី និងអ្នករស់នៅអចិន្រ្តៃយ៍ដែលបានចាក់វ៉ាក់សាំងការពារពេញលេញ នៅពេលពួកគេវិលត្រឡប់ចូលប្រទេសវិញអាចធ្វើចត្តាឡីស័កនៅក្នុងផ្ទះរបស់ខ្លួនផ្ទាល់ ដោយគិតចាប់ពីថ្ងៃទី១០ ខែសីហានេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅយប់ថ្ងៃអាទិត្យ ទី០៨ ខែសីហា ឆ្នាំ២០២១។

លោក Muhyiddin បាននិយាយនៅក្នុងសុន្ទរកថាតាមកញ្ចក់ទូរទស្សន៍មួយនៅពីថ្ងៃអាទិត្យនេះថា «ប្រជាពលរដ្ឋ និងបុគ្គលដែលមានផ្ទះនៅប្រទេសម៉ាឡេស៊ី ក៏ដូចជាអ្នកដែលស្នាក់នៅទីនេះក្រោមកម្មវិធីផ្ទះរបស់ខ្ញុំទី២ ឬ My Second Home (MM2H) អាចធ្វើចត្តាឡីស័កនៅឯផ្ទះពួកគេ នៅពេលគេវិលត្រឡប់ចូលប្រទេសវិញ»។

សិទ្ធិពិសេសផ្សេងទៀត ដែលត្រូវបានផ្តល់ជូនដល់បុគ្គលដែលបានចាក់វ៉ាក់សាំងពេញលេញរួច រួមមានការអនុញ្ញាតឱ្យគូស្វាមីភរិយាដែលនៅឆ្ងាយពីគ្នាត្រូវធ្វើដំណើរឆ្លងកាត់រដ្ឋមួយទៅរដ្ឋមួយ អាចវិលត្រឡប់មកជួបជុំគ្នាបានវិញ ខណៈដែលឪពុកម្តាយដែលបានចាក់វ៉ាក់សាំង ក៏ត្រូវបានអនុញ្ញាតឱ្យធ្វើដំណើរក្នុងប្រទេសដើម្បីជួបកូនរបស់ពួកគេដែលមានអាយុក្រោម ១៨ឆ្នាំផងដែរ។

មិនតែប៉ុណ្ណោះសម្រាប់បុគ្គលដែលបានចាក់វ៉ាក់សាំងពេញលេញរួច ក៏អាចចូលវិហារសាសនាសម្រាប់ការប្រតិបត្តិសាសនារបស់ពួកគេនៅក្នុងប្រទេសផងដែរ។

នាយករដ្ឋមន្រ្តីក៏បានប្រកាសផងដែរថា សិទ្ធិពិសេសសម្រាប់វិស័យសេដ្ឋកិច្ចកំពុងត្រូវបានពិចារណានៅក្រុមប្រឹក្សាសន្តិសុខជាតិ ហើយនឹងត្រូវប្រកាសដោយលោកក្នុងពេលឆាប់ៗនេះ។

គួរបញ្ជាក់ថា រហូតមកទល់ពេលនេះម៉ាឡេស៊ីមានអ្នកឆ្លងកូវីដ១៩ សរុបនៅទូទាំងប្រទេស ១.២៦លានករណី ក្នុងនោះស្លាប់ជាង ១០,០០០នាក់៕