(បាងកក)៖ ក្រសួងសុខាភិបាលថៃនៅថ្ងៃអាទិត្យ ទី០៨ ខែសីហា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗរហូតដល់ចំនួន ១៩,៩៨៣ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលជាចំនួនដ៏ច្រើនមួយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានថៃ Bangkok Post។

បើតាមក្រសួងសុខាភិបាលថៃ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះ មាន ១៩,៦៣៣ករណី ត្រូវបានរកឃើញនៅលើប្រជាជនថៃទូទៅ និង ៣៥០ករណីទៀត ត្រូវបានរកឃើញនៅលើអ្នកទោសតាមពន្ធនាគារ។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗ អ្នកជំងឺចំនួន ១៣៨នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា។ ដោយឡែកអ្នកជំងឺចំនួន ១៨,៥០៣នាក់ ទើបតែត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។

គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងសរុប នៅទូទាំងប្រទេសចំនួន ៧៥៦,៥០៥ករណី ក្នុងនោះមានអ្នកស្លាប់ ៦,១១០នាក់ និងអ្នកជាសះស្បើយឡើងវិញ ៥៣៥,៥១៥នាក់។ គិតត្រឹមសប្តាហ៍នេះ ថៃបានចាក់វ៉ាក់សាំងបង្ការ COVID-19 បានសរុបជិត ២០លានដូស ក្នុងនោះប្រជាជនជាង ៤លាននាក់ (ជាង៦% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕