(កាប៊ុល)៖ យន្តហោះទម្លាក់គ្រាប់បែក B-52 រួមជាមួយយន្តហោះបំពាក់កាំភ្លើងយន្ត AC-130 Spectre មួយចំនួន របស់សហរដ្ឋអាមេរិក ត្រូវបានចល័តទៅកាន់ប្រទេសអាហ្វហ្គានីស្ថាន ដើម្បីវាយប្រហារលើទីតាំងរបស់ក្រុមតាលីបង់ ដែលកំពុងព្យាយាមដណ្តើមកាន់កាប់ទីក្រុងសំខាន់ៗ នៅផ្នែកខុសៗគ្នានៃប្រទេសមជ្ឈិមបូព៌ាមួយនេះ។ នេះបើតាមការចេញផ្សាយដោយ បណ្តាញព័ត៌មាន Business Insider នៅថ្ងៃអាទិត្យ ទី០៨ ខែសីហា ឆ្នាំ២០២១។

ការបញ្ជូនក្រុមយន្តហោះយោធាអាមេរិកខាងលើ ត្រូវបានធ្វើឡើង ចំពេលស្ថានការណ៍កាន់តែតានតឹងខ្លាំងឡើង នៅអាហ្វហ្គានីស្ថាន ខណៈក្រុមតាលីបង់បន្តដណ្តើមគ្រប់គ្រងបានដែនដី នៅពាសពេញប្រទេសនេះ ស្របពេលដែលកងទ័ពអាមេរិក ត្រូវដកចេញទៅវិញ។ ក្នុងរយៈពេលត្រឹមប៉ុន្មានថ្ងៃចុងក្រោយនេះ ទីក្រុងសំខាន់ៗចំនួនពីរ គឺទីក្រុងសេបឺហ្គាន (Sheberghan) នៃខេត្តចាហ្សាន (Jawzjan) ភាគខាងជើង និងទីក្រុងហ្សារ៉ាន (Zaranj) នៃខេត្តនីមរ៉ូហ្ស (Nimroz) នៅភាគនិរតី បានធ្លាក់ទៅក្នុងកណ្តាប់ដៃរបស់ក្រុមតាលីបង់។

គួរបញ្ជាក់ថា ជាមួយគ្នានេះ កងទ័ពរដ្ឋាភិបាលអាហ្វហ្គានីស្ថាន និងក្រុមតាលីបង់ ក៏កំពុងតែប្រយុទ្ធគ្នាយ៉ាងក្តៅគគុក នៅតាមទីក្រុងសំខាន់ៗ ក្នុងបណ្តាខេត្តមួយចំនួនទៀត នៅភាគខាងជើងប្រទេសផងដែរ៕