(កាប៊ុល)៖ ប្រធានាធិបតីអាហ្វហ្គានីស្ថានលោក ម៉ូហាំម៉េដ អាស្រាហ្វ ហ្គានី (Mohammad Ashraf Ghani) បានចាកចេញពីប្រទេសរបស់លោកហើយ នៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីទៅចូលរួមពិធីស្បថឡើងកាន់តំណែង នៃប្រធានាធិបតីថ្មីរបស់ប្រទេសអ៊ីរ៉ង់ នៅក្នុងរដ្ឋធានីតេហេរ៉ង់។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាល្ងាចថ្ងៃព្រហស្បតិ៍ ទី០៥ ខែសីហា ឆ្នាំ២០២១។

នៅក្នុងដំណើរមួយនេះ លោក Ghani ត្រូវបានគេរំពឹងទុកថា នឹងជួបពិភាក្សាផ្ទាល់ជាមួយ ប្រធានាធិបតីថ្មីរបស់អ៊ីរ៉ង់ គឺលោក អ៊ីប្រាហ៊ីម រ៉ៃស៊ី (Ebrahim Raisi) អំពីការបង្កើនទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសជិតខាងទាំងពីរ។ មន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលអាហ្វហ្គានីស្ថាន មួយចំនួនទៀតរួមមាន អនុប្រធានាធិបតី, រដ្ឋមន្ត្រីការបរទេស និងប្រធានការិយាល័យប្រធានាធិបតី ក៏កំពុងអមដំណើរទៅកាន់ទីក្រុងតេហេរ៉ង់ ជាមួយគ្នាផងដែរ។

គួរបញ្ជាក់ថា លោក Ebrahim Raisi នឹងធ្វើពិធីស្បថចូលកាន់តំណែងជាផ្លូវការ នៅក្នុងសភាអ៉ីរ៉ង់នាថ្ងៃព្រហស្បតិ៍នេះ (ម៉ោងនៅតេហេរ៉ង់) ដោយបន្តវេនពីលោក ហាស្សាន រូហានី (Hassan Rouhani) ដែលបានកាន់តំណែងជាប្រធានាធិបតីអ៉ីរ៉ង់ តាំងតែពីឆ្នាំ២០១៣។ ទោះបីជាអ៊ីរ៉ង់នឹងមានមេដឹកនាំថ្មីក៏ពិតមែន ប៉ុន្តែគោលនយោបាយចំពោះលោកខាងលិច ជាពិសេសសហរដ្ឋអាមេរិក ហាក់ដូចជានឹងមិនមានការប្រែប្រួលឡើយ បើតាមការប្រកាសជំហរដោយលោក Ebrahim Raisi នៅក្រោយលោកឈ្នះឆ្នោត។

លោក អ៊ីប្រាហ៊ីម រ៉ៃស៊ី (Ebrahim Raisi) បានឈ្នះឆ្នោតក្លាយជាប្រធានាធិបតីអ៉ីរ៉ង់ថ្មី កាលពីប៉ុន្មានខែមុន ហើយកាលពីដើមសប្តាហ៍នេះ មេដឹកនាំកំពូលអ៉ីរ៉ង់ លោក អាយ៉ាតូលឡាហ៍ អាលី ខាមេនី (Ayatollah Ali Khamenei) ក៏បានផ្តល់ការទទួលស្គាល់លោក ជាផ្លូវការរួចហើយដែរ៕