(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ចេអ៊ីន (Moon jae-in) បានថ្លែងនៅថ្ងៃព្រហស្បតិ៍នេះថា កូរ៉េខាងត្បូងនឹងក្លាយជាប្រទេសផលិតវ៉ាក់សាំង ធំបំផុតលំដាប់ទី ៥ នៅលើពិភពលោកក្នុងរយៈពេល ៤ឆ្នាំទៀត (ឆ្នាំ២០២៥)។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ នារសៀលថ្ងៃព្រហស្បតិ៍ ទី០៥ ខែសីហា ឆ្នាំ២០២១។

ការថ្លែងដូចខាងលើនេះ គឺស្របទៅនឹងការប្តេជ្ញានាពេលកន្លងមក ដោយរដ្ឋាភិបាលទីក្រុងសេអ៊ូល ដើម្បីជំរុញឲ្យកូរ៉េខាងត្បូងក្លាយមជ្ឈមណ្ឌលផលិតវ៉ាក់សាំងបង្ការ COVID-19 ដ៏ធំមួយរបស់ពិភពលោក។ នៅក្នុងកិច្ចប្រជុំមួយធ្វើឡើងនៅវិមាន ជុង វ៉ា ដេ (Cheong Wa Dae) អំពីយុទ្ធសាស្ត្រអភិវឌ្ឍវ៉ាក់សាំងរបស់រដ្ឋាភិបាល លោក មូន ចេអ៊ីន បានប្តេជ្ញាយកការអភិវឌ្ឍវ៉ាក់សាំងនេះ ដាក់ជាគោលដៅយុទ្ធសាស្ត្រថ្មីមួយ ក្នុងចំណោមគោលដៅយុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ចទាំងបី ដោយពីរទៀតគឺការអភិវឌ្ឍ បន្ទះឈីប (semiconductor) និងអាគុយ។

នៅក្នុងគោលដៅជំរុញការអភិវឌ្ឍវ៉ាក់សាំងនេះ រដ្ឋាភិបាលកូរ៉េខាងត្បូងបានបញ្ចេញកញ្ចប់ថវិកា ២.២ទ្រីលានវ៉ុន ឬស្មើនឹង ១.៩១ពាន់លានដុល្លារអាមេរិក សម្រាប់ការអនុវត្តការងាររយៈពេល ៥ឆ្នាំ។ លោក មូន ចេអ៊ីន ក៏បានរំលឹកផងដែរថា វ៉ាក់សាំងបង្ការ COVID-19 ដែលកំពុងស្ថិតក្នុងការអភិវឌ្ឍក្នុងស្រុកដំបូង នឹងឈានដល់ការធ្វើតេស្តដំណាក់កាលទី ៣ ក្នុងខែសីហានេះហើយ រួចបន្ទាប់មកទៀតទើបកូរ៉េខាងត្បូង អាចនឹងដាក់ឲ្យប្រើប្រាស់វា នៅអំឡុងដើមឆ្នាំ២០២២។

គួរបញ្ជាក់ថា បច្ចុប្បន្នប្រទេសដែលបាននិងកំពុងផលិតវ៉ាក់សាំងបង្ការ COVID-19 ធំៗនៅលើពិភពលោកមានដូចជា ចិន សហរដ្ឋអាមេរិក ឥណ្ឌា អាល្លឺម៉ង់ និងចក្រភពអង់គ្លេសជាដើម។ ដោយឡែកកូរ៉េខាងត្បូងមិនទាន់មានវ៉ាក់សាំង ដែលអភិវឌ្ឍឡើងដោយខ្លួនឯង ត្រូវបានដាក់ឲ្យប្រើប្រាស់នៅឡើយទេគិតត្រឹមពេលនេះ ប៉ុន្តែប្រទេសអាស៊ីបូព៌ាមួយនេះ បានទទួលសិទ្ធិផលិតវ៉ាក់សាំងពីបរទេសផងដែរដូចជា AstraZeneca, Moderna, Novavax និងវ៉ាក់សាំង Sputnik V ជាដើម៕