(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក (WHO) បានឱ្យដឹងថា វ៉ាក់សាំងទាំងអស់ដែលទទួលបានការអនុញ្ញាត សម្រាប់ការប្រើប្រាស់កន្លងមកនេះ គឺមានប្រសិទ្ធភាពខ្ពស់ការពារមនុស្ស កុំឱ្យធ្លាក់ខ្លួនឈឺធ្ងន់ និងស្លាប់ដោយសារវីរុស COVID-19 បំប្លែងថ្មីនានា ក្នុងនោះរួមមានទាំងវីរុសបំប្លែងថ្មី Delta ផងដែរ។ នេះបើតាមការដកស្រង់ចេញពីវែបសាយផ្លូវការរបស់ WHO នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៥ ខែសីហា ឆ្នាំ២០២១។

បើតាមអង្គការសុខភាពពិភពលោក អ្នកចាក់វ៉ាក់សាំងគ្រប់ដូស ឬ ០២ដូស នៅតែអាចឆ្លង COVID-19 បង្កឡើងដោយវីរុសបំប្លែងថ្មី Delta តែវ៉ាក់សាំងមានប្រសិទ្ធភាព ការពារបង្ការកុំឱ្យធ្លាក់ខ្លួនឈឺធ្ងន់ ឬស្លាប់។ ជាក់ស្ដែងការសិក្សាជាច្រើន ជាពិសេសនៅសហរដ្ឋអាមេរិក ក៏បានរាយការណ៍ដែរពីការរកឃើញករណីឆ្លង COVID-19 នៅក្នុងចំណោមអ្នកចាក់វ៉ាក់សាំងគ្រប់ដូស ដោយនេះគឺជាករណីកម្រ ហើយអ្នកដែលធ្លាក់ខ្លួនឈឺធ្ងន់ ឬស្លាប់ គឺភាគច្រើនជាអ្នកដែលមិនបានចាក់វ៉ាក់សាំង។

ដូច្នេះដើម្បីការពារជីវិតខ្លួនឯងកុំឱ្យធ្លាក់ខ្លួនឈឺធ្ងន់ និងការពារគ្រួសារ ព្រមទាំងមនុស្សនៅជុំវិញអ្នក សូមរួសរាន់ទៅទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19។ បើតាមរបាយការណ៍ពី WHO ចេញផ្សាយកាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ នៅលើពិភពលោកយើងនេះ អ្នកដែលបានចាក់វ៉ាក់សាំងយ៉ាងហោចណាស់មួយដូស មានចំនួន ២,២៧២លាននាក់ និងអ្នកដែលបានចាក់វ៉ាក់សាំងគ្រប់ដូស ឬ ២ដូស មានចំនួន ១,១៦៣លាននាក់៕