(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃអាទិត្យនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗនៃជំងឺកូវីដ១៩ រហូតដល់ ៨,៦២០ករណីបន្ថែមទៀត ដែលជាតួលេខឆ្លងប្រចាំថ្ងៃខ្ពស់បំផុតមួយទៀត សម្រាប់ប្រទេសអាស៊ានមួយនេះ។ នេះបើតាមតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅយប់ថ្ងៃអាទិត្យ ទី០១ ខែសីហា ឆ្នាំ២០២១។

ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មានតែ២៣ករណីប៉ុណ្ណោះដែលជាករណីនាំចូល ក្រៅពីនោះជាករណីឆ្លងក្នុងស្រុកទាំងអស់ ខណៈទីក្រុងហូជីមិញដែលជាចំណុចកណ្តាល នៃការផ្ទុះរីករាលនៃជំងឺនេះបានរ៉ាប់រងករណីឆ្លងតែឯងរហូតដល់ ៤,០៥២នាក់។

សរុបមកវិញ គិតត្រឹមយប់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ១៥៤,៣៦០នាក់ ក្នុងនោះជាអ្នកជំងឺសះស្បើយចំនួន ៤៣,១៥៧នាក់ ខណៈចំនួនអ្នកស្លាប់នៅតែរក្សាត្រឹម ១,៣០៦នាក់ដដែល ដោយមិនមានទិន្នន័យថ្មីឡើយ៕