Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ឌូតឺតេ៖ «បើអ្នកមិនចង់ជួយប្រទេសនេះ ដោយការចាក់វ៉ាក់សាំង ដូច្នេះសូមកុំចេញពីផ្ទះ»

29-07-2021 09:45

(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ (Rodrigo Duterte) បានបញ្ជាឱ្យរដ្ឋាភិបាលរបស់លោក បើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ជូនដល់អ្នកដែលចង់ចាក់វ៉ាក់សាំង ខណៈប្រទេសរបស់លោកកំពុងព្យាយាមការពារប្រជាជន ពីការឆ្លងរីករាលដាលនៃវីរុស COVID-19 បម្លែងខ្លួនថ្មី Delta ដែលមានសមត្ថភាពចម្លងលឿនរហ័ស និងបង្កឲ្យជំងឺឈឺធ្ងន់។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែកក្កដា ឆ្នាំ២០២១។

លោក Duterte បានថ្លែងនៅក្នុងសុន្ទរកថាមួយ ដោយសម្តែងការព្រួយបារម្ភចំពោះវីរុស COVID-19 បម្លែងខ្លួនថ្មី Delta ដែលកំពុងឆ្លងរីករាលដាលយ៉ាងខ្លាំង នៅទូទាំងពិភពលោកនោះថា «យើងនឹងផ្តល់ការចាក់វ៉ាក់សាំង ជូនដល់អ្នកដែលចង់ចាក់វ៉ាក់សាំង»។ ដោយការផ្គត់ផ្គង់វ៉ាក់សាំងមានកំណត់ វាត្រូវបានផ្តល់អាទិភាពដល់ក្រុមបុគ្គលិកថែទាំសុខភាព ក្រុមមនុស្សចាស់ ក្រុមមនុស្សដែលមានសុខភាពមិនល្អស្រាប់ និងក្រុមមនុស្សពេញវ័យដែលគ្រប់អាយុធ្វើការ។

លោក Duterte ក៏បានបញ្ជាឱ្យមេភូមិ រារាំងអ្នកនៅក្នុងសហគមន៍របស់ពួកគេ ដែលបដិសេធមិនទទួលការចាក់វ៉ាក់សាំងនោះ មិនឲ្យចាកចេញពីផ្ទះផងដែរ។ លោក Duterte បានថ្លែងជុំវិញបញ្ហានេះថា «ខ្ញុំកំពុងប្រាប់អ្នកកុំឱ្យចាកចេញពីផ្ទះរបស់អ្នក។ ប្រសិនបើអ្នកចេញទៅក្រៅ ខ្ញុំនឹងប្រាប់ប៉ូលិសឱ្យនាំអ្នកត្រលប់ទៅផ្ទះវិញ ពីព្រោះអ្នកអាចជាអ្នកដើរចម្លងវីរុសនេះបាន។ ប្រសិនបើអ្នកមិនចង់ជួយប្រទេស ដោយការចាក់វ៉ាក់សាំងទេនោះ ចូរស្នាក់នៅក្នុងផ្ទះរបស់អ្នក ដែលវាជាការប្រសើរបំផុត»

គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសហ្វីលីពីន បានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសជាង ១.៥លាននាក់ ក្នុងនោះមានអ្នកស្លាប់ជាង ២៧,០០០នាក់ និងអ្នកជាសះស្បើយជាង ១.៤លាននាក់។ ដោយឡែក មានតែប្រមាណ ៦ភាគរយប៉ុណ្ណោះនៃប្រជាជនសរុប ១១០លាននាក់របស់ប្រទេសហ្វីលីពីន ដែលបានទទួលការចាក់វ៉ាក់សាំងបង្ការ COVID-19 ពេញលេញ ខណៈរដ្ឋាភិបាលមានគោលបំណងចាក់វ៉ាក់សាំងពេញលេញ ជូនដល់ប្រជាជនប្រមាណ ៧០លាននាក់នៅមុនដំណាច់ឆ្នាំ២០២១នេះ៕