(វ៉ាស៊ីនតោន)៖ ទិន្នន័យថ្មីដែលបានចេញផ្សាយដោយក្រុមហ៊ុន Pfizer នៅថ្ងៃពុធនេះបានបង្ហាញថា ការចាក់វ៉ាក់សាំងរបស់ខ្លួនសម្រាប់ដូសទី៣ អាចបង្កើនប្រសិទ្ធភាពប្រយុទ្ធប្រឆាំងនឹងវីរុសបម្លែងខ្លួនថ្មី Delta ច្រើនលើសការចាក់តាមស្តង់ដែលចាក់តែពីរដូស។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNN នៅយប់ថ្ងៃពុធ ទី២៨ ខែកក្កដា ឆ្នាំ២០២១។

ទិន្នន័យដែលបានចុះផ្សាយតាមអ៊ិនធឺរណែត នៅព្រឹកថ្ងៃពុធនេះបានបង្ហាញថា កម្រិតនៃអង្គបដិប្រាណប្រឆាំងនឹងវីរុសបម្លែងខ្លួនថ្មី Delta ចំពោះមនុស្សដែលមានអាយុពី១៨ ទៅ ៥៥ឆ្នាំដែលទទួលបានវ៉ាក់សាំងដូសទី៣ រួចគឺមានប្រសិទ្ធភាពច្រើនជាង៥ ដង បើធៀបនឹងការចាក់តែពីរដូស។

ដោយឡែក ក្នុងចំណោមមនុស្សដែលមានអាយុពី៦៥ ទៅ៨៥ ឆ្នាំ ទិន្នន័យ Pfizer បានបង្ហាញថា កម្រិតនៃអង្គបដិប្រាណប្រឆាំងនឹងវីរុសបម្លែងខ្លួនថ្មី Delta បន្ទាប់ពីបានចាក់ដូសទី៣ គឺច្រើនជាង១១ដង បើធៀបនឹងការចាក់តែពីរដូសទៅតាមស្តង់ដា។

ទិន្នន័យនេះក៏បង្ហាញផងដែរថា កម្រិតអង្គបដិប្រាណបន្ទាប់ពីការចាក់ដូសទី៣ រួចក៏មានការកើនឡើងនូវប្រសិទ្ធភាពខ្ពស់ជាងមុនផងដែរ ក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសបម្លែងខ្លួនថ្មីដែលមានប្រភពពីអាហ្រ្វិកខាងត្បូង។

ទោះជាយ៉ាងណា ទិន្នន័យទាំងនេះទាន់ត្រូវបានពិនិត្យឡើងវិញឬបោះពុម្ពផ្សាយនៅឡើយទេ៕