(វ៉ាស៊ីនតោន)៖ អ្នកជំនាញផ្នែកជំងឺឆ្លងរបស់សហរដ្ឋអាមេរិក លោក Anthony Fauci បាននិយាយថាប្រជាជនអាមេរិកដែលមានប្រព័ន្ធភាពសុំាទន់ខ្សោយ ប្រហែលជានឹងត្រូវចាក់វ៉ាក់សាំងបន្ថែម ឬដូសទី៣ជាចាំបាច់ ខណៈសហរដ្ឋអាមេរិកកំពុងប្រឹងប្រែងទប់ស្កាត់ការកើនឡើងករណីឆ្លង COVID-19 បង្កឡើង ដោយវីរុសបម្លែងថ្មី Delta។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៦ ខែកក្កដា ឆ្នាំ២០២១។

លោក Anthony Fauci ធ្វើការកត់សម្គាល់ខាងលើក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNN កាលពីថ្ងៃអាទិត្យកន្លងទៅនេះ។ លោក Fauci បានគូសបញ្ជាក់ ដូច្នេះថា៖ «អ្នកដែលទទួលការវះកាត់ប្ដូរអវយវៈ, កំពុងទទួលការព្យាបាលជំងឺមហារីក, អ្នកមានប្រព័ន្ធភាពសុំាទន់ខ្សោយ សុទ្ធតែជាបុគ្គលដែលស្ថិតនៅក្នុង ចំណោមជនងាយគ្រោះដែលប្រហែលជានឹងត្រូវចាំបាច់ទទួលការចាក់វ៉ាក់សាំងដូសទី៣»។ លោក Fauci បន្ថែមថាក្រុមមន្ត្រីសុខាភិបាលអាមេរិកក៏កំពុង ពិចារណាផងដែរថាតើត្រូវកែប្រែគោលការណ៍ណែនាំតម្រូវឱ្យពាក់ម៉ាសឡើងវិញសម្រាប់អ្នកចាក់វ៉ាក់រួចរាល់ ដែរឬក៏យ៉ាងណា?

គួរបញ្ជាក់ថា ក្រុមហ៊ុន Pfizer និងក្រុមហ៊ុន BioNTech កាលពីថ្ងៃសុក្រសប្ដាហ៍មុនបានឱ្យដឹងថាសហរដ្ឋអាមេរិកបានទិញវ៉ាក់សាំងរបស់ខ្លួនច្រើនជាង ២០០លានដូស ដើម្បីបង្កើនល្បឿនយុទ្ធនាការចាក់វ៉ាក់សាំង ក៏ដូចជាទុកសម្រាប់ការចាក់វ៉ាក់សាំងដូសទី៣ ដែលត្រូវបានគេជឿជាក់ថាអាចនឹងទទួលបាន ការអនុញ្ញាតពីអាជ្ញាធរនិយតករអាមេរិកឆាប់ៗនេះ៕