(សេអ៊ូល)៖ នាយកសេវាកម្មស៉ើបការសម្ងាត់ជាតិកូរ៉េខាងត្បូង លោក ផាក ជីវ៉ុន (Park Jie-won) បានបង្ហើបប្រាប់អ្នកចូលរួមពិធីមួយនៅទីក្រុង ម៉ុកផូ (Mokpo) ប្រទេសកូរ៉េខាងត្បូងនៅសប្តាហ៍នេះថា លោកមានបំណងពិភាក្សាអំពីការរៀបចំ ដំណើរទស្សនកិច្ចមួយរបស់សម្តេច ប៉ាប ហ្វ្រង់ស៉ីស (Pope Francis) រួមជាមួយមន្ត្រីអមដំណើរសំខាន់ៗពីររូបទៀត។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃសៅរ៍ ទី១០ ខែកក្កដា ឆ្នាំ២០២១។

ការបង្ហើបពីសំណាក់លោក ផាក ជីវ៉ុន (Park Jie-won) អំពីបំណងនៃការរៀបចំដំណើរទស្សនកិច្ច ទៅកាន់ប្រទេសកូរ៉េខាងជើងរបស់សម្តេច Pope Francis ត្រូវបានរាយការណ៍ជាលើកដំបូង ដោយទីភ្នាក់ងារព័ត៌មាន ហ្វាយដ៍ (Fides) ដែលទំនងជាបានទទួលដំណឹងនេះ ពីមន្ត្រីជំនិតម្នាក់របស់សម្តេច Pope។

បើតាមមន្ត្រីរបស់សម្តេច Pope សម្តេចពិតជាចង់បំពេញទស្សនកិច្ច ទៅកាន់ប្រទេសកូរ៉េខាងជើងខ្លាំងណាស់ ដោយស្ថិតនៅក្នុងគោលដៅ លើកកម្ពស់នូវសន្តិភាពក្នុងឧបទ្វីបកូរ៉េ បើទោះបីជាទ្រង់ដឹងថា ព្រះរាជបំណងមួយនេះ មានសង្ឃឹមតិចតួចដែលអាចកើតឡើងក្តី។

គួរបញ្ជាក់ថា ទើបតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីការវះកាត់ សម្តេច Pope Francis បានកាត់បន្ថយការបង្ហាញខ្លួនជាសាធារណៈជាបណ្តោះអាសន្ន ប៉ុន្តែទ្រង់គ្រោងនឹងធ្វើទស្សនកិច្ច ទៅកាន់ប្រទេសស្លូវ៉ាក (Slovakia) និងប្រទេសហុងគ្រី (Hungary) នៅខែកញ្ញាខាងមុខនេះ៕