(អាមេរិក)៖ កែវយឺតអវកាសជំនាន់ថ្មី ចេមស៍ វែប (James Webb) របស់ទីភ្នាក់ងារអវកាសអាមេរិក NASA ទើបតែបានឆ្លងផុតការវាយតម្លៃសំខាន់មួយទៀត ដើម្បីឈានទៅរកការបាញ់បង្ហោះជាផ្លូវការ នៅក្នុងឆ្នាំនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Space នាល្ងាចថ្ងៃព្រហស្បតិ៍ ទី០៨ ខែកក្កដា ឆ្នាំ២០២១។

ការវាយតម្លៃខាងលើត្រូវបានធ្វើឡើងដោយក្រុមហ៊ុន អេរៀន ស្ពេស (Arianespace) ដែលជាអ្នកផ្តល់សេវាបាញ់បង្ហោះកែវយឺត James Webb ឡើងទីអវកាស។ ក្រុមហ៊ុន Arianespace បានបញ្ជាក់ថា ទាំងគ្រាប់រ៉ុក្កែត Ariane 5, កែវយឺតអវកាស James Webb និង ផែនការបាញ់បង្ហោះ គឺសុទ្ធតែត្រៀមខ្លួនរួចរាល់ សម្រាប់ការបញ្ជូនឡើងទៅកាន់ទីអវកាស ហើយក្រុមផលិតគ្រាប់រ៉ុក្កែតអឺរ៉ុបមួយនេះ ក៏បានបញ្ជាក់ជាចុងក្រោយទៀតថា គ្រប់ផ្នែកនានារបស់រ៉ុក្កែត និងកែវយឺតអវកាស គឺចុះសម្រុងជាមួយគ្នាទាំងអស់។

ជាចម្បង James Webb គឺជាបេសកកម្មរបស់ NASA ប៉ុន្តែទីភ្នាក់ងារអវកាសអឺរ៉ុប ESA និងទីភ្នាក់ងារអវកាសកាណាដា CSA គឺជាដៃគូយ៉ាងសំខាន់។ ទីភ្នាក់ងារ CSA ជាអ្នកអភិវឌ្ឍប្រព័ន្ធសែនសឺ (sensor) ប្រាប់ទិសដៅរបស់កែវយឺត James Webb រួមជាមួយឧបករណ៍វិទ្យាសាស្រ្តមួយ ក្នុងចំណោមឧបករណ៍វិទ្យាសាស្រ្តជាច្រើនរបស់វា។ រីឯអង្គការ ESA ក៏ផ្តល់នូវបរិក្ខារវិទ្យាសាស្រ្តមួយចំនួនផងដែរ ព្រមទាំងរ៉ុក្កែតសម្រាប់នាំយក James Webb ចេញពីផ្ទៃផែនដី ដើម្បីឡើងទៅទីអវកាស។

គួរបញ្ជាក់ថា ក្រោយពន្យារពេលអស់ច្រើនឆ្នាំ ទីបំផុតការបាញ់បង្ហោះកែវយឺតអវកាសតម្លៃជិត ១០ពាន់លានដុល្លារនេះ នឹងកើតឡើងនៅចុងខែតុលា ឆ្នាំ២០២១ ចេញពីមូលដ្ឋានបង្ហោះយានរបស់អឺរ៉ុប ស្ថិតក្នុងដែនដីបារាំង-ហ្គាយ៉ាណា (Guiana) នៅតំបន់អាមេរិកខាងត្បូង ជាប់នឹងមហាសមុទ្រអាត្លង់ទិច៕