(បរទេស)៖ ការសិក្សាថ្មីមួយបានបង្ហាញថា តំបន់ ក្រាយ៉ូសហ្វៀរ (Cryoshpere) របស់ភពផែនដី (តំបន់ទាំងឡាយណា ដែលមានទឹកកកនៅលើផ្ទៃភពយើង) បានរួមមាឌប្រមាណជា ៨៧,០០០គីឡូម៉ែត្រក្រឡា ជាមធ្យមក្នុងមួយឆ្នាំៗ គិតចាប់ពីចន្លោះឆ្នាំ១៩៧៩-២០១៦ ដោយសារការកើនឡើងកម្តៅសកល។ នេះបើតាមការចេញផ្សាយ ដោយវែបសាយព័ត៌មាន Space នៅរសៀលថ្ងៃសៅរ៍ ទី០៣ ខែកក្កដា ឆ្នាំ២០២១។

ការសិក្សាខាងលើត្រូវបានធ្វើឡើង ដោយក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ ឡានចូវ (Lanzhou) នៃប្រទេសចិន។ ខណៈទំហំតំបន់ Cryosphere តែងតែរីកធំនិងរួមតូច ទៅតាមរដូវកាលនីមួយៗក៏ដោយនោះ ពួកគេបានរកឃើញថា ទំហំផ្ទៃលើផែនដីដែលគ្របដណ្តប់ដោយ Cryosphere គឺបានថយចុះចាប់តាំងតែពីឆ្នា១៩៧៩ មកម្ល៉េះ ដោយពាក់ព័ន្ធជាមួយនឹងការកើនឡើង នៃសីតុណ្ហភាពក្នុងខ្យល់អាកាស ឬនិយាយឲ្យចំទៅ គឺការកើនឡើងកម្តៅនៃភពផែនដី។ កន្លែងដែលរួមខ្លាំងជាងគេ គឺនៅតំបន់អឌ្ឍគោលខាងជើងនៃភពយើង។

គួរបញ្ជាក់ថា ការសិក្សាខាងលើគឺជាលើកទីមួយហើយ ដែលធ្វើឡើងទៅលើទំហំនៃតំបន់ Cryoshpere របស់ផែនដី ហើយនឹងការប្រែប្រួលរបស់វា ដោយសារតែបញ្ហាកើនឡើងកម្តៅសកល។ តំបន់នេះមានសារសំខាន់ ក្នុងការរក្សាសីតុណ្ហភាពឲ្យត្រជាក់នៅលើផែនដី តាមរយៈការបំផ្លាតពន្លឺដែលជះមកពីព្រះអាទិត្យ ឲ្យទៅកាន់ទីអវកាសវិញ៕