(អាមេរិក)៖ ក្រុមហ៊ុនផលិតឱសថអាមេរិក Johnson & Johnson បានប្រកាសថា វ៉ាក់សាំងប្រភេទចាក់តែ១ដូសរបស់ខ្លួន «មានប្រសិទ្ធភាពខ្លាំង» ក្នុងការបង្កើនប្រព័ន្ធភាពសុំារបស់់មនុស្ស ទប់ទល់នឹងវីរុស COVID-19 បម្លែងថ្មី Delta (មានប្រភពដើមនៅឥណ្ឌា)។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នាព្រឹកថ្ងៃសុក្រ ទី០២ ខែកក្កដា ឆ្នាំ២០២១។

ទិន្នន័យបានមកពីការធ្វើតេស្ត ដោយក្រុមហ៊ុនខាងលើនេះបានបង្ហាញថា វ៉ាក់សាំងឈ្មោះ ចេនសិន (Janssen) របស់ក្រុមហ៊ុន Johnson & Johnson ប្រភេទចាក់តែ១ដូស អាចបង្កើនប្រសិទ្ធភាពរបស់វាដដែល នៅក្នុងការពិសោធន៍រយៈពេល ៨ខែបន្ទាប់ពីការចាក់រួចរាល់ ហើយប្រសិទ្ធភាពរហូតដល់ «៨៥%» របស់វា ក៏អាចទប់ស្កាត់មិនឲ្យអ្នកឆ្លងមេរោគ COVID-19 បាត់បង់ជីវិត ឬក៏ឈានដល់ចូលសម្រាកក្នុងមន្ទីរពេទ្យបានផងដែរ។

លោក ម៉ាសៃ ម៉ាមមិន (Mathai Mammen) ប្រធានផ្នែកអភិវឌ្ឍ និងស្រាវជ្រាវវ៉ាក់សាំងរបស់ក្រុមហ៊ុន Johnson & Johnson បានលើកឡើងយ៉ាងដូច្នេះថា «ទិន្នន័យនៅក្នុងការសិក្សារយៈពេល ៨ខែមកនេះបានបង្ហាញឲ្យយើងឃើញ អំពីប្រសិទ្ធភាពនៃវ៉ាក់សាំងចាក់់តែ ១ដូសរបស់ Johnson & Johnson ក្នុងការបង្កើនប្រព័ន្ធភាពសុំា ដែលមិនមានការចុះថយប្រសិទ្ធភាពឡើយ... យើងបានមើលឃើញថា វាកាន់តែបង្កើនប្រសិទ្ធភាព ទៅតាមពេលវេលា...»

ចំពោះប្រសិទ្ធភាពក្នុងការទប់ទល់វីរុស COVID-19 បម្លែង Delta គឺក្រុមហ៊ុនអាមេរិកមួយនេះបានត្រឹមបញ្ជាក់ថា «ស្ថិតក្នុងកម្រិតខ្លាំង» ប៉ុន្តែមិនបានបញ្ជាក់អំពី ភាគរយជាក់លាក់របស់វាឡើយ។ តែយ៉ាងណាក៏ដោយ Johnson & Johnson បានអះអាងថា វាខ្លាំងជាងប្រសិទ្ធភាពក្នុងការទប់ទល់ វីរុសបម្លែងថ្មី Beta (មានប្រភពដើមនៅអាហ្វ្រិកខាងត្បូង)។ ដូច្នេះក្រុមហ៊ុនត្រូវការពេលវេលាបន្ថែមទៀត ដើម្បីបូកសរុបទិន្នន័យចុងក្រោយ៕