(បរទេស)៖ ធនាគារពិភពលោក (World Bank) បានប្រកាសក្នុងសប្តាហ៍នេះថា ទឹកប្រាក់ដែលខ្លួនបាន និងកំពុងប្រើប្រាស់ ដើម្បីជួយប្រទេសក្រីក្រចំនួន ៥១ ក្នុងការបញ្ជាទិញវ៉ាក់សាំងបង្ការ COVID-19 នោះបានកើនឡើងដល់ ៤ពាន់លានដុល្លារអាមេរិកហើយ ដោយពាក់កណ្តាលគឺជាបណ្តាប្រទេសនៅអាហ្វ្រិក។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃសុក្រ ទី០២ ខែកក្កដា ឆ្នាំ២០២១។

យោងតាមការបង្ហោះនៅលើវែបសាយផ្លូវការរបស់ World Bank ផ្ទាល់តែម្តង បានឲ្យដឹងទៀតថា ជាងពាក់កណ្តាលនៃទឹកប្រាក់ ៤ពាន់លានដុល្លារខាងលើនេះ គឺបានមកសមាគមអភិវឌ្ឍអន្តរជាតិ (IDA) ដែលជាធនាគារហិរញ្ញប្បទានមួយ សម្រាប់ជួយដល់ប្រទេសក្រីក្របំផុតក្នុងលោក ឬប្រទេសដែលកំពុងត្រូវការជំនួយជាចាំបាច់ ក្នុងដំណើរការស្តារឡើងវិញ នៅលើផ្នែកណាមួយ។

គួរបញ្ជាក់ថា ក្រៅពីទឹកប្រាក់ខាងលើនេះ ធនាគារពិភពលោក (World Bank Group) ក៏បានបញ្ចេញទឹកប្រាក់រួចទៅហើយដែរចំនួនជាង ១៥០ពាន់ដុល្លារអាមេរិក ដើម្បីជួយដល់វិស័យសុខាភិបាល, សេដ្ឋកិច្ច និងផលប៉ះពាល់នានាទៅលើសហគមន៍អន្តរជាតិ ដោយសារតែជំងឺរាតត្បាតសកល។ សម្រាប់កញ្ចប់ជំនួយទិញវ៉ាក់សាំង គឺមានលក្ខណៈសាមញ្ញ ហើយប្រទេសដែលទទួលបានអាចប្រើប្រាស់ថវិកានេះ ដើម្បីទិញវ៉ាក់សាំងតាមរយៈកម្មវិធី COVAX និង ក្រុមការងារចែកចាយវ៉ាក់សាំង AVATT របស់អាហ្វ្រិក៕