(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ១១,៤២៧នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ២៩៤នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃពុធ ទី៣០ ខែមិថុនា ឆ្នាំ២០២១។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៣៤,៥២៧,៤៩៣ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៦១៩,៩៨០នាក់ និងជាសះស្បើយឡើងសរុបជាង ២៩លាននាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺជាង ៣៣២លាននាក់។

តាមការពិសោធន៍មួយកាលពីពេលថ្មីៗនេះបានបង្ហាញថា វ៉ាក់សាំងអាមេរិក Moderna នៅតែអាចជំរុញប្រព័ន្ធភាពសុំារបស់មនុស្ស ឲ្យទប់ទល់នឹងវីរុសបម្លែងខ្លួនថ្មីៗទាំងអស់ គ្រាន់តែប្រសិទ្ធភាពក្នុងការទប់ទល់វីរុស COVID-19 ទម្រង់ដើម គឺជាមានខ្លាំងក្លាជាងគេ។ ការពិសោធន៍នេះត្រូវបានធ្វើឡើង តាមរយៈការយកសំណាកឈាមពីអ្នកស្ម័គ្រចិត្តចូលរួមធ្វើតេស្តចំនួន ០៨នាក់ (បន្ទាប់ពីពួកបានចាក់វ៉ាក់សាំង mRNA-1273 របស់ Moderna រួចពីរដូស) មករក្សាទុកនៅក្នុងពេល ១សប្តាហ៍។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបជាង ៣២៤លានដូសហើយ ជូនដល់ប្រជាជនទូទាំងប្រទេស ក្នុងនោះមនុស្សសរុប ១៧៩.៦១លាននាក់ (៥៤.៧%នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស និងជាង ១៥៣.៧៧លាននាក់ (៤៦.៨% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕