(ហ្សាការតា)៖ រដ្ឋមន្រ្តីក្រសួងទេសចរណ៍នៃប្រទេសឥណ្ឌូណេស៊ី បានថ្លែងនៅក្នុងបទសម្ភាសន៍មួយថា រដ្ឋាភិបាលឥណ្ឌូណេស៊ី នឹងរង់ចាំរហូតដល់ករណីឆ្លងជំងឺ COVID-19 មានការធ្លាក់ចុះគួរឱ្យកត់សម្គាល់សិន មុនពេលបើកឱ្យភ្ញៀវទេសចរបរទេស ចូលមកទស្សនាកោះបាលីវិញ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Reuters នៅល្ងាចថ្ងៃអង្គារ ទី២៩ ខែមិថុនា ឆ្នាំ២០២១។

រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងសេដ្ឋកិច្ចវប្បធម៌ឥណ្ឌូណេស៊ី លោក សាន់ទីអាហ្គា យូណូ (Sandiaga Uno) បានគូសបញ្ជាក់ប្រាប់សារព័ត៌មាន Reuters នៅក្នុងបទសម្ភាសន៍កាលពីថ្ងៃចន្ទសប្ដាហ៍នេះថា «យើងបានកំណត់គោលដៅ ដើម្បីបើកកោះបាលីវិញនៅចុងខែកក្កដា និងដើមខែសីហាខាងមុខនេះ ប៉ុន្តែយើងត្រូវតែគិតពីកន្លែងរបស់យើង ដែលកំពុងមានការកើនឡើងនូវករណីឆ្លងជំងឺ COVID-19 ជាច្រើនករណីនេះ។ យើងនឹងរងចាំមើលស្ថានភាព ដែលមានលក្ខណៈអំណោយផលជាងនេះសិន»

បើតាមទិន្នន័យផ្លូវការបានឱ្យដឹងថា ករណីឆ្លងជំងឺ COVID-19 បានកើនឡើងនៅទូទាំងប្រទេសឥណ្ឌូណេស៊ី ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ រួមទាំងនៅកោះបាលី ជាកន្លែងដែលមានការកើនឡើង ០៤ដងក្នុងរយៈពេលមួយខែកន្លងមកនេះផងដែរ ដោយបានរាយការណ៍ពីករណីឆ្លងប្រមាណ ២០០ករណីក្នុងមួយថ្ងៃ។

លោក Sandiaga Uno បានគូសបញ្ជាក់ប្រាប់បន្ថែមថា លោកចង់ឱ្យករណីឆ្លងជំងឺ COVID-19 ប្រចាំថ្ងៃនៅកោះបាលីធ្លាក់ចុះមកដល់ត្រឹម ៣០ ឬ ៤០ករណីក្នុងមួយថ្ងៃ មុនពេលបើកកោះដែលមានប្រជាជនរស់នៅសរុបជិត ៧០០,០០០នាក់នេះឡើងវិញម្តងទៀត។

គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រមាណ ៧១ភាគរយនៃប្រជាជនកោះបាលី បានទទួលការចាក់វ៉ាក់សាំងយ៉ាងហោចណាស់ ០១ដូសរួចរាល់ហើយ ខណៈគោលដៅរបស់កោះនេះ គឺផ្ដល់ការចាក់វ៉ាក់សាំងពេញលេញ (០២ដូស) ជូនដល់ប្រជាជនរបស់ខ្លួនឱ្យបានប្រមាណ ៧០ភាគរយ នៅត្រឹមចុងខែកក្កដាខាងមុខនេះ៕