(កង់បេរ៉ា)៖ ឧបនាយករដ្ឋមន្រ្តីអូស្រ្តាលី លោក Barnaby Joyce ត្រូវបានផាកពិន័យប្រាក់២០០ដុល្លារអូស្រ្តាលី (១៥១ដុល្លារអាមេរិក) ដោយសារតែការមិនបានពាក់ម៉ាស ក្នុងស្ថានីយប្រេងឥន្ធនៈមួយកន្លែង នៅរដ្ឋ New South Wales។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅថ្ងៃអង្គារ ទី២៩ ខែមិថុនា ឆ្នាំ២០២១។

លោក Joyce បានថ្លែងប្រាប់បណ្តាញព័ត៌មាន Sky News អូស្រ្តាលីថា នៅតាមផ្លូវឆ្ពោះទៅកាន់ព្រលានយន្តហោះ លោកបានឆៀងចូលស្ថានីយប្រេងឥន្ធនៈកាល់តិចមួយកន្លែង ដើម្បីចាក់សាំងរថយន្ត។ ពេលចាក់សាំងពេញហើយ លោក Joyce ក៏បានដើរចូលទៅក្នុងហាងនៅទីនោះ ហើយបន្តិចក្រោយមក ក៏ត្រូវប៉ូលិសផាកពិន័យ២០០ដុល្លារអូស្រ្តាលី ព្រោះតែលោកមិនបានពាក់ម៉ាស ដែលជាវិធានការទប់ស្កាត់ COVID-19។

គួរបញ្ជាក់ថា លោក Barnaby Joyce ទើបតែបានឡើងជាឧបនាយករដ្ឋមន្រ្តីអូស្រ្តាលីសាជាថ្មី កាលពីមួយសប្តាហ៍មុន ក្រោយប្រជែងយកតំណែងមេដឹកនាំបានវិញ នៅក្នុងគណបក្សជាតិអូស្រ្តាលី ពីលោក Michael McCormack។ លោក Joyce ធ្លាប់បានកាន់តួនាទីជាឧបនាយករដ្ឋមន្រ្តីអូស្រ្តាលី ចាប់ពីឆ្នាំ២០១៦-២០១៨ មុនពេលត្រូវលាលែងពីតំណែង បន្ទាប់ពីរងការចោទប្រកាន់ពីបទបំពានផ្លូវភេទ៕