(រ៉ង់ហ្គូន)៖ មេធាវីលោកស្រី អោង សាន ស៊ូ ជី បានប្រកាសឲ្យដឹងនៅថ្ងៃអង្គារ ទី២៩ ខែមិថុនា ឆ្នាំ២០២១នេះថា លោកស្រីបានអំពាវនាវឲ្យ ប្រជាជនមីយ៉ាន់ម៉ាទាំងអស់ បង្កើនការប្រុងប្រយ័ត្នបន្ថែមទៀត ចំពោះការឆ្លងរាតត្បាតនៃជំងឺ COVID-19។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP។

ការអំពាវនាវដោយលោកស្រី ស៊ូ ជី ខាងលើនេះ ត្រូវបានធ្វើឡើង ខណៈដែលខ្លួនលោកស្រីកំពុងជាប់ឃុំ។ ជំងឺ COVID-19 ត្រូវបានគេមើលឃើញថា បានរាតត្បាតមីយ៉ាន់ម៉ាដល់កម្រិតកំពូល ចាប់តាំងពីខែធ្នូ ឆ្នាំ២០២០ ហើយយុទ្ធនាការប្រយុទ្ធប្រឆាំង COVID-19 នៅក្នុងប្រទេសអាស៊ានមួយនេះ ក៏បានជួបភាពមិនច្បាស់លាស់ផងដែរ ក្រោយរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលលោកស្រី កាលពីថ្ងៃទី០១ ខែកុម្ភៈ។

បើតាមលោកមេធាវី មីន មីន សូ (Min Min Soe) បានអះអាងថា លោកស្រី ស៊ូ ជី បានសួរនាំលោកអំពីស្ថានការណ៍ COVID-19 នៅពេលលោកស្រីឡើងបង្ហាញខ្លួន ចំពោះមុខអង្គសវនាការម្តងទៀត កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ។ ដោយឡែកនៅក្នុងបទចោទប្រកាន់ទាំងឡាយ មកលើរូបលោកស្រី ស៊ូ ជី ក៏មានមួយករណីជាប់់ទាក់ទងនឹង ការល្មើសបម្រាមទប់ស្កាត់ COVID-19 ផងដែរ។

លោក មីន មីន សូ បានលើកឡើងយ៉ាងដូច្នេះថា «លោកស្រី (ស៊ូ ជី) បានប្រាប់មេធាវីទាំងអស់ឲ្យប្រុងប្រយ័ត្នចំពោះ COVID-19 និងបានរំលឹកគ្រប់គ្នាឲ្យលាងដៃ និងពាក់ម៉ាសជាប់ជានិច្ច... លោកស្រីក៏បានផ្តាំផ្ញើឲ្យបញ្ជូនសារដូចគ្នានេះ ទៅកាន់ប្រជាជនមីយ៉ាន់ម៉ា ឲ្យបង្កើនការប្រយ័ត្នបន្ថែមទៀត ចំពោះជំងឺនេះផងដែរ»

គិតត្រឹមថ្ងៃចន្ទដើមសប្តាហ៍នេះ មីយ៉ាន់ម៉ាមានករណីឆ្លង COVID-19 សរុបជាង ១៥៤,៣០០ករណី ក្នុងនោះស្លាប់ ៣,៣០៩នាក់ និងជាសះស្បើយវិញ ១៣៥,៧០០នាក់៕