(ប៉េកាំង)៖ ក្នុងឱកាសទិវាខួបទី ១០០ឆ្នាំ នៃការបង្កើតបក្សកុម្មុយនិស្តចិនជិតចូលមកដល់ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបានបំពាក់ «គ្រឿងឥស្សរិយយស ១ កក្កដា» ដែលជាការផ្តល់កិត្តិយសខ្ពង់ខ្ពស់បំផុត ជូនបុគ្គលឆ្នើមក្នុងបក្សជាលើកដំបូង។ ពិធីបំពាក់គ្រឿងឥស្សរិយយសបានប្រារព្ធ នៅវិមានសភាប្រជាជននៅថ្ងៃទី ២៩ខែមិថុនា។ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានអញ្ជើញប្រគល់គ្រឿងឥស្សរិយយស ព្រមទាំងថ្លែងសុន្ទរកថាគន្លឹះ។

បើតាមព័ត៌មានដែលប្រកាសដោយ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន នៅពេលមុននេះ ការបំពាក់គ្រឿងឥស្សរិយយស គឺក្នុងគោលបំណងសម្តែងការកោតសរសើរយ៉ាងឱឡារិក ចំពោះសមាជិកបក្សកុម្មុយនិស្តចិនឆ្នើមមួយចំនួន ដែលបានរួមចំណែកយ៉ាងលេចធ្លោ និងបង្កើតមរតកស្មារតីដ៏មានតម្លៃ សម្រាប់បក្សនិងប្រជាជន។ អ្នកទទួលបានគ្រឿងឥស្សរិយយស លើកទីមួយមានមនុស្សចំនួន ២៩ នាក់ ដែលមកពីគ្រប់មុខរបរទូទាំងប្រទេសចិន មានអ្នកវីរជនដែលបានចូលរួមប្រយុទ្ធ យ៉ាងអង់អាចក្នុងសម័យសង្គ្រាម តែលាក់ឈ្មោះលាក់មុខមិនដណ្តើមផលប្រយោជន៍ ក្នុងសម័យសន្តិភាព មាននាយិកាសាលារៀនដែលបំពេញការងារ នៅតំបន់ក្រីក្រជាង ៤០ឆ្នាំ និងលះបង់អ្វីៗគ្រប់យ៉ាងដើម្បីកិច្ចការអប់រំ មានតំណាងពិសេសទីមួយដែលទទួលបន្ទុកកិច្ចការអាហ្វ្រិរបស់រដ្ឋាភិបាលចិន ដែលនៅតែបន្តជំរុញកិច្ចសហប្រតិបត្តិការរវាងចិន និងអាហ្វ្រិទោះខ្លួនមានវ័យជាង ៦០ឆ្នាំ ទៅហើយ៕